Wednesday, February 28, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ២០១៨ខាងមុខនឹងត្រូវរៀបចំពិធីខួប២០ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ នឹងមានរៀបចំធ្វើពិធីខួបរំលឹកលើកទី២០នៃនយោបាយឈ្នះ-ឈ្នះតាមរយៈការសាងសង់នូវវិមានឈ្នះ​​-ឈ្នះដ៏ធំមួយដើម្បីរំលឹកអំពីការបញ្ចប់សង្រ្គាមតាមរយៈនៃនយោបាយឈ្នះ-ឈ្នះ។ លោ​កបានថ្លែងដូចនេះ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំ​ពង់ស្ពឺ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើកាលពីពេលនោះពុំមានការអនុវត្តន៍នូវនយោបាយឈ្នះ-ឈ្នះនោះទេដែលអាចបញ្ចប់បាននូវសង្រ្គាម កុំថាឡើយឱកាសដែលយើងមានការងារធ្វើ គឺមានតែឱកាសរត់លូនក្រាបច្រើនជាងឱកាសរស់នៅបានសុខស្រួលប្រកបដោយសុភមង្គលដូចសព្វថ្ងៃនេះ។ លោកបានបន្ថែមថា នៅពេលដែលប្រទេសជាតិមួយមានសង្រ្គាមហើយ មិនត្រឹមតែលំបាកតែអ្នកដែលប្រឈមមុខដាក់គ្នានោះទេ អ្នកដែលនៅផ្នែកខាងក្រោយក៏លំបាកដែរ។ សូម្បីតែពលរដ្ឋស៊ីវិលក៏ត្រូវបានប្រមូលដើម្បីឱ្យជួយដឹកស្បៀងទៅកាន់សមរភូមិដែរ មានពេលខ្លះវាយទៅវាយមករាប់ទាំងការបោកគ្រាប់បែកគ្រប់កន្លែង វាយផ្តាច់ផ្លូវ វាយផ្តាច់ស្ពាន និងវាយរំខានដើម្បីកុំឱ្យកងទ័ពរដ្ឋាភិបាលមានលទ្ធភាពទៅវាយនៅកន្លែងដទៃបាន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាយើងឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងច្រើនពេកហើយ ដោយសារនយោបាយឈ្នះ-ឈ្នះដែលមានឪពុកម្តាយជីដូនជីតារបស់កម្មករកម្មការិនីដែលបានចូលរួមចំណែកគាំទ្រអនុវត្តនូវនយោបាយឈ្នះ-ឈ្នះរបស់លោក ទើបធានាបាននូវការបញ្ចប់ទាំងស្រុងនៃសង្រ្គាម រក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍដែលអាចលើកកម្ពស់បាននូវជីវភាពរស់នៅរបស់កម្មករកម្មការិនីនៅពេលនេះ៕





No comments:

Post a Comment