Wednesday, February 28, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ប្រទេសជាតិមួយដាច់ខាតត្រូវតែមានមធ្យោបាយការពារជាតិរបស់ខ្លួន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបង្ហើបឱ្យដឹងថា នៅយប់មិញនេះគ្រឿងសព្វាវុធទម្ងន់រាប់ម៉ឺនតោនត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា ហើយបានដឹកយកទៅទុកដាក់រួចរាល់ផងដែរ ដោ​យលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិជាអ្នកទទួលខុសត្រូវ។ លោ​កបានថ្លែងដូចនេះ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំ​ពង់ស្ពឺ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសជាតិមួយដាច់ខាតត្រូវតែមានមធ្យោបាយការពារជាតិរបស់ខ្លួន ហើយលោកបានចាត់ទុកសព្វាវុធទាំងនេះ គឺជាទំនិញពិ​សេសសម្រាប់ជាតិ ប៉ុន្តែលោកមិនបានបង្ហាញថា សព្វាវុធទាំងនោះមានអ្វីខ្លះនោះទេ គ្រាន់តែបានប​ញ្ជាក់ថាសព្វាវុធទាំងនេះគឺជាការពង្រឹងនូវមធ្យោបាយការពារជាតិកម្ពុជាតែប៉ុណ្ណោះ៕




No comments:

Post a Comment