Wednesday, February 28, 2018

ខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់

ព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ មានបើកកិច្ចប្រជុំរវាងប្រតិភូក្រសួងយុត្តិធម៌ដែលដឹកនាំដោយលោក ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៌ ជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងគោលបំណងពិភាក្សាអំពីការរៀបចំពិធីការដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។

តាមប្រសាសន៍លោក ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៌ បានអោយដឹងថា លោកឩបនាយករដ្ឋមន្ត្រី ស ខេង ស្នើឱ្យក្រសួងយុត្តិធម៌ជ្រើសរើសខេត្តចំនួនប្រាំ ជាកន្លែងសម្រាប់ដុតបំផ្លាញគ្រឿងញៀន ដោយយោងតាមអនុសាសន៍របស់លោកឩបនាយករដ្ឋមន្ត្រី ស ខេង ក្រសួងយុត្តិធម៌ ក៏បានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ព្រោះកន្លងមកខេត្តព្រះសីហនុធ្វើការដុតបំផ្លាញគ្រឿងញៀន គឺតែងតែធ្វើនៅថ្ងៃទិវាប៉ុណ្ណោះ។

ក្នុងឱកាសនេះ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ ថ្លែងអំណរគុណគណៈប្រតិភូដែលបានអញ្ជើញចូលរួមប្រជុំនាថ្ងៃនេះ។លោកក៏បានឱ្យដឹងថា ចំពោះទីតាំងសម្រាប់ការដុតបំផ្លាញគ្រឿងញៀននេះ គឺមានតែទីតាំងមួយប៉ុណ្ណោះ ដែលអាចដុតបំផ្លាញបាននោះគឺតំបន់ក្បាលឆាយ នឹងមានអ្នកចូលរួមចំនួនពីរពាន់នាក់ សម្រាប់ខេត្តព្រះសីហនុ។
បន្ថែមពីលើនេះអង្គប្រជុំនេះក៏បានពិភាក្សាអំពីការរៀបចំថវិកា និងការរៀបចំសមាសភាពចូលរួមជាដើម។

ក្រោយពីកិច្ចប្រជុំនេះបានបញ្ចប់លោក ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៌ ជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងសមាជិកអង្គប្រជុំចុះពិនិត្យទីកន្លែងត្រៀមប្រារព្ធពិធីដែលស្ថិតនៅក្នុងតំបន់ក្បាលឆាយ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕




No comments:

Post a Comment