Wednesday, February 28, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា អាស៊ានមិនអាចបែកបាក់ដោយសារតែប្រទេសនៅខាងក្រៅតំបន់នោះទេ!

បន្ទាប់ពី​លេចលឺព័ត៌មានប្រឌិត​ថា កិច្ចប្រជុំ អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តនៅប្រទេសអូស្ត្រាលីនាពេលខាងមុខ អាស៊ាន និងអូស្ត្រាលី នឹងគាបសង្កត់មកលើកម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា «ក្នុង​ក្របខណ្ឌ​អាស៊ាន​ យើង​ក៏​ជា​សមាជិក​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​​ អាស៊ាន​មិន​អាច​បែកបាក់​ដោយ​សារ​តែ​ប្រទេស​នៅ​ខាង​ក្រៅ​តំបន់​នោះទេ​ អាស៊ាន​ត្រូវ​តែ​មាន​សាមគ្គីភាព​ ហើយ​អាស៊ាន​មាន​សាមគ្គីភាព​ទើប​អាស៊ាន​អាច​ចេញ​សេចក្តី​​ថ្លែងការណ៍​ណាមួយ​ ឬចេញ​នូវ​ក្របខណ្ឌ​​ឯកសារណាមួយ​មក​សម្រាប់​អាស៊ាន​»។

លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូចនេះ​ ក្នុង​ឱកាស​ដែលលោក​អញ្ជើញចុះ​ជួបសំណេះសំណាល ជាមួយជាមួយកូនក្មួយកម្មករ កម្មការិ​នីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ​ពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្ត្រី បានបន្តថា «យើង​ត្រូវ​ការ​សហប្រតិបត្តិ​ការ​ជាមួយ​គេ​ គេ​ក៏​ត្រូវ​ការ​សហប្រតិបត្តិការ​ជាមួយ​យើង​ដែរ យើង​ជា​ប្រទេស​​នៃ​សមាជិក​អង្គការ​សហប្រជាជាតិ​ គេ​ក៏​ត្រូវ​ការ​យើង​គាំទ្រ​គេ យើង​ក៏​ត្រូវ​ការ​គេ​គាំទ្រ​យើង​នៅ​ពេល​បោះ​ឆ្នោត​ម្តងៗ គេ​ជា​ប្រទេស​មួយ​មាន​សិទ្ធិ​ប្រើប្រាស់​ឆ្នោត​មួយ​សន្លឹក យើង​ក៏​មាន​សិទ្ធិ​ប្រើប្រាស់​មួយ​សន្លឹកឆ្នោត​ ដូច្នេះ​មិន​មែន​យើង​ពឹងតែគេទេ គេក៏​ពឹង​យើង»​។

គួររំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​​បញ្ជាក់ការពិតទៅលើការប្រឌិតព័ត៌មានដូចដែល​រៀបរាប់ខាងលើម្តងហើយ កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅដោយ​លោក​បាន​មាន​ប្រសាសន៍ថា « «រឿងអីបានជានាំគ្នានិយាយថា បន្តិចទៀត ហ៊ុន សែន ទៅអូស្ត្រាលីគឺគេហៅទៅគាប? នាយករដ្ឋមន្ត្រីនៃប្រទេសមួយ ដែលមានឯករាជ្យ ហើយគឺជាសមាជិកស្មើភាពស្មើសិទ្ធិ និងមានសិទ្ធិវេតូផងដែរ សេចក្តីថ្លែងការណ៍របស់អាស៊ានក៏ចេញមិនរួចដែរបើមានការបង្គាប់បញ្ជា ឬការធ្វើសកម្មភាពណាមួយ ដែលផ្ទុយនឹងឯករាជ្យ អធិបតេយ្យភាព និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា សូមផ្តាំទុកឱ្យហើយទៅ!»៕





No comments:

Post a Comment