Wednesday, February 28, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៩ចំណុចដល់ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពការងារ

នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំ​ពង់ស្ពឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍​៩ចំណុចដល់ក្រសួងស្ថាប័នពា​ក់ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពការងារ។

អនុសាសន៍៩ចំណុចនោះរួមមាន៖

១- ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២- ការចុះពិនិត្យ និងព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋ ដល់កម្មករ-កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវអនុវត្តន៍ឱ្យបានដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឱ្យបានម៉តចត់។
៣- ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះ សំរាលកូនគឺទទួលបានពេលវេលាឈប់សម្រាករយៈពេល៣ខែ ទទួលបានប្រាក់ខែ១២០% នៅពេលលំហែមាតុភាព (៥០% ចេញដោយក្រុមហ៊ុន និង៧០%ចេញដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឱ្យបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។
៤- ចំពោះកម្មការិនីសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។
៥- ថ្លៃសេវារបបសន្តិសុខសង្គម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មករិនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦- ត្រូវតាមដានមើលបញ្ហា ទឹក ភ្លើង ដោយត្រូវខិតខំបន្ត តទឹក តភ្លើង ដល់ផ្ទះរបស់កម្មករដែលនៅឆ្ងាយ មិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករ-កម្មការិនីកុំឱ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមក យើងបានកំណត់រួចរាល់ហើយ។
៧- ត្រូវអនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ក្មួយៗកម្មករ នឹងទទួលបានប្រាក់ ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូច្នេះក្នុងរយៈពេល១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំឱ្យហើយ ដើម្បីឱ្យដំណើរការបានល្អ នៅក្នុងឆ្នាំ២០១៩ នូវរបបសោធននិវត្តន៍នេះ។
៨- ត្រូវចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗរបស់បងប្អូនពលករនៅក្រៅប្រទេសជួយសម្រួលបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានានិងដើម្បីទទួលបាននូវលក្ខខណ្ឌកា​រងារល្អប្រសើរ។

៩- ត្រូវចុះអនុវត្តតាមដានភ្លាមៗឱ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាចំ​ពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោលដោយក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រា​ក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោ​ល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរគឺត្រូវជួយរកការងារធ្វើដល់កម្មករកម្មការនីឱ្យបានឆាប់បំផុត៕




No comments:

Post a Comment