Wednesday, February 28, 2018

អភិបាល​ខេត្តព្រះសីហនុ​ ចូលរួមជាអធិបតី​ក្នុងទិវាជាតិបង្ការ​ និងពន្លត់​អគ្គិភ័យ ខេត្ត​

ព្រះសីហនុ៖ នៅក្នុងវេទិកាបុណ្យជាតិ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះសីហនុ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៣ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមក្រោមអធិបតីភាពលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ប៊ួរ សុធី ស្នងការរងទទួលការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កន្លងមក មានករណីអគ្គិភ័យកើតឡើងចំនួន ១៩លើក ក្នុងនោះឆេះផ្ទះ៧លើក ឆេះបន្ទប់ផ្ទះសំណាក់៣លើក ឆេះរថយន្តកំពុងបើបរ ៣លើក ឆេះឡក្នុងរោងចក្រ២លើក ឆេះរោងសិប្បកម្ម ១លើក ឆេះដំបូលបឹងកាឡូ ២លើក និងឆេះបន្ទប់ខារ៉ាអូខេ ១លើក។

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា គ្រោះថ្នាក់អគ្គិភ័យខាងលើបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួស៤នាក់ ។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ មានអគ្គិភ័យកើតឡើងចំនួន៦លើក បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាល ក៏ដូចជាកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមអន្តរាគមន៍ជួយពន្លត់អគ្គិភ័យនៅក្នុងខេត្តបានទាន់ពេលវេលា ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត។ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនាពេលនេះ គឺជាយុទ្ធនាការដ៏ធំមួយក្នុងការបំផុសស្មារតីប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងមានការចូលរួមពីស្ថាប័នជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ជាពិសេសប្រជាពលរដ្ឋអំពីគ្រោះមហន្តរាយផ្សេងៗបណ្តាលមកពីអគ្គិភ័យ ដើម្បីជំរុញឱ្យមន្រ្តីពន្លត់អគ្គិភ័យទាំងអស់មានសមត្ថភាពបន្ថែមទៀតនៅពេលមានករណីអគ្គិភ័យកើតឡើងដោយយថាហេតុណាមួយ ក្នុងសកម្មភាពជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងផងដែរ៕





No comments:

Post a Comment