Friday, January 26, 2018

ប្រមុខការពារជាតិកម្ពុជា ព្រមានបន្ថែមទៅលើ ចលនាសង្រ្គោះជាតិកើតឡើងពេលណា នឹងកម្ទេចពេលនោះ

ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានប្រកាសថា ប្រសិនបើចលនាសង្គ្រោះជាតិ កើតមានឡើងនៅកម្ពុជាពេលណា នោះកងយោធពល​ខេមរភូមិន្ទ នឹងកម្ទេចចោល នៅពេលនោះភ្លាមៗតែម្តង។

លោកឧបនាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញចូលរួមបិទសិក្ខាសាលាការងារ​បច្ចេកទេស ទូទាំងកងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានប្រកាសជាថ្មីយ៉ាងដូច្នេះថា «ចលនាសង្រ្គោះជាតិ កើតចេញនៅ​ប្រទេស​កម្ពុជាពេលណា គឺនឹងកម្ទេចចោលភ្លាម ហើយកងទ័ពមិនបណ្តោយឲ្យ​ពួកទាំងនោះមកបំផ្លិច​បំផ្លាញ​ជាតិនោះឡើយ»។
លោកបានបន្តថា «រឿងហ្នឹងដូចជាខ្ញុំបាននិយាយរួមហើយថា អាចលនាស្អីគេ វាហាក់ដូចជាមិនមាន​ស្អីខុសពីអ្វី កន្លងមក ដែលវាបានធ្វើនោះទេ អាចលនាស្អីគេ បើសិនជាវាធ្វើសកម្មភាពមែនទែន ដូចអ្វីដែលវាអួត និងគឺថាវាច្បាស់លាស់ហ្មង គឺវាត្រូវតែត្រូវហ្មង ប៉ុន្តែវាត្រូវស្អី គឺចាំដល់ពេលដែលវាមានមែនទែន ដឹងហើយ !»។

ការព្រមានជាបន្តបន្ទាប់របស់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងមានសមត្ថកិច្ចផ្សេងៗទៀត បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី រួមទាំងអតីតថ្នាក់ដឹកនាំមួយចំនួនទៀត របស់អតីតគណបក្ស​សង្រ្គោះជាតិ​ បានប្រកាសបង្កើតចលនាថ្មីមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ដោយអះអាងថា បង្កើតឡើង​ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យដោះលែងលោក កឹម សុខា និង ចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ចលនានេះ ត្រូវបាន លោក សម រង្សី ប្រកាសថា នឹងបង្កើតជាផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាចិត្តរួចជាស្រេចក្នុង​បុព្វហេតុការ​ថែរក្សា​សន្តិភាព ស្ថិរភាព ពង្រឹងសន្តិភាព ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យអ្វីដែលជាចលនានេះកើតឡើង នាំឲ្យប៉ះពាល់ដល់សន្តិភាពជាដដាច់ខាត។ កងយោធពលខេមរភូមិន្ទ នឹងដើរមុខសហការជាមួយកម្លាំង មានសមត្ថកិច្ចទប់ស្កាត់ រារាំង និងបង្រ្កាបតែម្តង គឺបង្រ្កាបមិនឲ្យមានរឿង អ្វីមួយដែលមានចេតនា​បំផ្លិចបំផ្លាញ​សុខសន្តិភាពនៅកម្ពុជា ៕






No comments:

Post a Comment