Friday, January 26, 2018

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌាត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ»

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានប្រារព្ធពិធីបើកជាផ្លូវការហើយ កាលពីរៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០ប្រទេស បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះក្រោមវត្តមាននៃការធ្វើគារវកិច្ចពីលោក រ៉ាំ ណាតកូវីន ប្រធា​នាធិ​បតីនៃសាធារណរដ្ខឥណ្ឌា និងភរិយា លោក វេនកាយអាស ណៃឌូ អនុប្រធានាធិបតី និងភរិយា លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា។

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានប្រា​​រព្ធធ្វើឡើងក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ»។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ មេដឹកនាំអាស៊ាន ឥណ្ឌា  បានប្តេជ្ញាក្នុងការបន្តខិតខំប្រឹងប្រែង និងសហការអ​នុវត្តផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦- ២០២០) ឱ្យបាន​ពេញ​លេញ មានប្រសិទ្ធភាព និងទាន់ពេលវេលា។ មេដឹកនាំទាំងអស់ក៏បានបន្តគាំទ្រ និងចូលរួមចំណែកដល់​​សមា​ហរណកម្មអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យ​សហគមន៍​អាស៊ានឆ្នាំ២០២៥។

ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខលំហរសមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការហោះហើរនៅក្នុង តំបន់ និងការប្រើប្រាស់ដែនសមុទ្រស្របច្បាប់ដទៃទៀត និងការធ្វើពាណិជ្ជកម្មក្នុងលំហរសមុទ្រដោយមិនមានការរា​រាំងដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះស្របតាមគោលការណ៍ទទួ​ល​ស្គាល់ជាសាកលនៃ​ច្បាប់​អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩​៨២​ (UNCLOS) និងស្តង់ដារពាក់​ព័ន្ធ​នឹងការអនុវត្តដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ​និង​អង្គការលំហរសមុទ្រអន្តរជាតិ (IMO)។ ពង្រឹង​កិច្ចសហប្រតិបត្តិការលំហសមុទ្រ តាមរយៈយន្តការដែលមានស្រាប់រួមទាំងវេទិកាទូលំទូលាយស្តីពីលំហរសមុទ្រ​អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួម​នា​នាពាក់ព័ន្ធនឹងបញ្ហាលំហរសមុទ្រ។

មេដឹកនាំទាំងអស់ ក៏បានជំរុញកិច្ចសហប្រតិបត្តិ​ការ​កាន់​តែ​ស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹ​ងអំពើភេរវកម្មគ្រប់ទម្រង់និងរូបភាព អំពើហឹង្សាជ្រុល​និយម និងរ៉ាឌីកាល់និយម តាម​រយៈការចែករំ​លែក​ព័ត៌មាន ការពង្រឹងការអនុវត្តច្បាប់ និងការកសាងសមត្ថភាព។ ​ពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាននិងឥណ្ឌា លើការកសាងសមត្ថភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត និង​ការសម្របសម្រួលគោលនយោ​បាយ​។ បង្កើនទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន ឥណ្ឌា បន្ថែមទៀត រួមទាំងការប្រើប្រាស់ឱ្យបានពេញលេញនូវតំបន់​ពាណិជ្ជកម្មសេរីអាស៊ាន ឥណ្ឌា និងរងចាំការបញ្ចប់ឱ្យបានឆាប់នូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ ដែល​ទំនើបគ្រប់ជ្រុងជ្រោយ គុណភាពខ្ពស់ និងមានអត្ថប្រយោជន៍ទៅវិញទៅមក។ ជំរុញថែមទៀត នូវកំណើនប្រកប​ដោយ​ស្ថិរភាព និងចីរភាព សម្រាប់សហគ្រាសមីក្រូតូចនិងមធ្យម តាមរយះការផ្ទេរបច្ចេក​វិទ្យា ការផ្សព្វផ្សាយការ​ទទួលយក និងការសម្របខ្លួនក៏ដូចជាការពង្រឹងការកសាងសមត្ថភាពជំនួញផ្នែកបច្ចេកទេស បណ្តាញចែកចាយ បរិក្ខារហិរញ្ញវត្ថុ ការទទួលបាននូវនវានុវត្តន៍ និងកាលានុវត្តភាព ដើម្បីធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់​តម្លៃ​សកល​លោកនិងតំបន់។ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិខុខស្បៀងរយះពេល​វែង និងសន្តិសុខ​ថាម​ពល​ក្នុងតំបន់ តាមរយះការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងថាមពល។

មេដឹកនាំទាំងអស់ ក៏បានប្តេជ្ញា ធ្វើ​ការ​រួមគ្នាដើម្បីលើក​កម្ពស់​ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ បន្តពង្រឹងទំនាក់ទំនងលើវិស័យវិទ្យា​សាស្រ្ត និងបច្ចេកវិទ្យា ទៅ​តាមផ្នែកពាក់ព័ន្ធ ស្របជាមួយនិងផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ​២០១៦-២០២៥។ បន្តលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន និងពង្រឹងទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច តាម​រយះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឥណ្ឌា និងលើកទឹកចិត្តដល់ព្រឹត្តិការណ៍ពាណិជ្ជកម្មនានា ដើម្បីលើកកម្ពស់ការ​យល់​ដឹងអំពីផលិតផល និងេសវាកម្មរបស់អាស៊ាននិងឥណ្ឌា ដើម្បីពង្រីកនិងពង្រឹងបន្ថែមទៀត នូវទំនាក់​ទំនងសេដ្ឋ​កិច្ច។

មេដឹកនាំទាំងអស់ ក៏រង់ចាំផងដែរនូវការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន ឥណ្ឌា។ ពង្រឹង​បន្ថែមទៀតនូវទំនាក់​ទំនងវប្បធម៌ តាមរយៈការលើកម្ពស់វិស័យវប្បធម៌ និងការលើកកម្ពស់រវាងប្រជាជននិងប្រ​ជា​ជន តាមរយៈ​កម្មវិធី​ដូចជា កិច្ចសន្ទនាដែល្លី បណ្តាញក្រុមអ្នកវិភាគអាស៊ាន ឥណ្ឌា កម្រងបទឧទ្ទេសនាមរបស់​ឥស្សរជនឆ្នើមអាស៊ាន វគ្គ​បណ្តុះបណ្តាលមន្រ្តីការទូត ក៏ដូចជាកម្មវិធីផ្លាស់ប្តូរ​សម្រាប់និស្សិត សមាជិកសភា កសិករ ប្រព័ន្ធឃោសនា និងកម្ម​វិធី​យុវជនផ្សេងៗទៀត។ ពង្រឹងកិច្ចសហប្រតិបតិ្តការអាស៊ាន ឥណ្ឌា ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយ​មនុស្សធម៌ រួមមាន ការគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌លើការ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ ដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពី អាស៊ានមួយ ការឆ្លើយតប​តែមួយ : អាស៊ានឆ្លើយតបរួមគ្នាទៅនឹងគ្រោះមហន្តរាយទាំងក្នុងតំបន់និងក្រៅតំបន់ ហើយបង្កើតភាពជាដៃគូ​យ៉ាង​ជិតស្និទ្ធរវាងមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួល ជំនួយមនុស្សធម៌លើការ​គ្រប់​គ្រងគ្រោះមហន្តរាយ និងដៃ​គូឥណ្ឌា ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរឡើងការសម្របសម្រួលលើការគ្រប់គ្រងគ្រោះ មហន្តរាយក្នុងតំបន់។ លើក​កម្ពស់កិច្ចសន្ទនារវាងមន្រ្តីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀតរបស់អាស៊ាន និងឥណ្ឌា ដើម្បីលើកម្ពស់និង​កាពារ​សិទ្ធិ ក៏ដូចជាការផ្តល់សិទ្ធិអំណាចដល់ស្រ្តីនិងកុមារ និងលុបបំបាត់រាល់ទម្រង់នៃអំពើហឹង្សាលើពួកគេ។ បង្កើន​កិច្ចសហប្រតិបត្តិការអភិរក្សានិងគ្រប់គ្រងជីវះចម្រុះ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការធ្វើសកម្ម​ភាពស្រាវជ្រាវរួម និងកម្មវិធីកសាងសមត្ថភាពដើម្បីដោះស្រាយការបាត់បង់នូវ​ជីវះចម្រុះ និងការសឹករេចរិលនៃ​ប្រព័ន្ធ​អេកូឡូស៊ី រួមទាំងគាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវះ​ចម្រុះ។

មេដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការ​បង្កើនការតភ្ជាប់រូបវ័ន្ត ឌីជីថល ស្របតាមផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការមេស្តីពី​បច្ចេកវិទ្យាព័ត៌មាន និងទូរគ​មនាគមន៍ឆ្នាំ២០២០ តាមរយៈការប្រើប្រាស់ឥណទាន ១ប៊ីលានដុល្លាអាមេរិក ដែល​ឥណ្ឌាបានប្រកាសដើម្បីលើ​កកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត និងឌីជីថល។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន តាមរយៈការអនុវត្តផែនការការងារទី៣នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន។

ថ្លែងទៅកាន់បណ្តាមេដឹកនាំអាស៊ាន ឥណ្ឌា ក្នុងកិច្ចប្រជុំ​កំពូលដ៏មានសារៈសំខាន់នោះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលបានឡើងក្នុងរយៈពេល​២៥ឆ្នាំកន្លងមក ជាមោទនភាពមួយសម្រាប់​រូប​លោកដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើកទី១ កាលពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ និងបាន​ដើរ​តួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន ឥណ្ឌា ពីឆ្នាំ​២០០៩ ដល់ឆ្នាំ២០១២ ក្នុងខណៈដែលឥណ្ឌា​ ទទួល​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍​អាស៊ាន ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបាន​ចូល​រួម​ចំណែកដល់ការលើកកម្ពស់ភាពជា​ដៃគូអាស៊ាន ឥណ្ឌា ទៅជាដៃគូយុទ្ធសាស្រ្ត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ក៏បានស្នើឱ្យមានការទាញអារម្មណ៍ពីមេ​ដឹកនាំអាស៊ាន ឥណ្ឌា ក្នុងការ ពិចារណាកំណត់នូវទិសដៅអនាគតលើការ​ងារ​សំខាន់ៗចំនួន៦ ដែលជាទិសដៅនិង​ជាចក្ខុវិស័យដ៏ត្រ​ចះត្រចង់នៃទំនាក់ទំនងអាស៊ាន ឥណ្ឌា។ កម្ពុជាគាំទ្រនិងបន្តចូល​រួមក្នុងសកម្មភាពនានា និងតាមរយៈយន្តការនានា ដែលមានស្រាប់​នាំមុខដោយអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងបញ្ហាលំហសមុទ្រ បង្កើនទំនុកចិត្ត និងលើកកម្ពស់​កិច្ច​សន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហ​ប្រតិបត្តិការសន្តិសុខតាមសមុទ្រ ក្នុងការជួយសង្រ្គោះ ការរុករក ការ​ស្រាវជ្រាវវិទ្យាសាស្រ្ត និងការប្រយុទ្ធប្រឆាំងនិង ចោរកម្មនៅក្នុងលំហសមុទ្រ។ ជាមួយគ្នានេះកម្ពុជាស្វាគមន៍​ទស្សន​ទានសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើមកិច្ចសហប្រតិបត្តិការលំហសមុទ្រ រវាងប្រទេសសមាជិក​អាស៊ាននិងដៃគូសន្ទនា ក្នុងន័យបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើន​សេដ្ឋកិច្ចតំបន់តាមរយៈការ​លើក​ស្ទួយសកម្ម​ភាពរួម និងគម្រោងអភិវឌ្ឍន៍រួម ដែលជួយដល់ការលើកកម្ពស់ការ​ទុក​ចិត្តគ្នាទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន ឥណ្ឌា មេដឹកនាំអាស៊ាន ឥណ្ឌា បានឈានទៅចេញសេចក្តីថ្លែងការណ៍ដែល្លី នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍​អាស៊ាន ឥណ្ឌា ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ឥណ្ឌាផងដែរ៕





No comments:

Post a Comment