Friday, January 26, 2018

គណៈបញ្ជាការឯកភាពខេត្តសៀបរាប ចាត់វិធានការ និងអនុវត្តន៍បទបញ្ជាទប់ស្កាត់នូវភាពចលាចល ក្នុងការញុះញង់តាមរូបភាព នៃបដិវត្តពណ៌

សៀមរាប៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានលើកឡើងថា គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានចាត់វិធានការ និងអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវភាព ចលាចលការញុះញង់ ការអុកឡុក បំផុសបំផុលនានាគ្រប់រូបភាព នៃចលនាបដិវត្តពណ៌បានល្អប្រសើរ។

ការថ្លែងបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

អភិបាលខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា «ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត យើងបានចាត់វិធានការ និងអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវភាពចលាចល ការញុះញុង ការអុកឡុក បំផុសបំផុលនានាគ្រប់រូបភាព នៃចលនាបដិវត្តពណ៌។ ជាពិសេសទៅទៀត យើងអាចគ្រប់គ្រង សភាពការណ៍បានទាំងស្រុង ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ»។

លោក ឃឹម ប៊ុនសុង ក៏បានលើកឡើង ចំពោះការអនុវត្ដភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្រោមទិសស្លោក «ភូមិ-ឃុំ មានសុវត្ថិភាព» រដ្ឋបាលខេត្ត នៅតែចាត់ទុកជាការងារអាទិភាព ដោយចាត់តាំង ការអនុវត្តសកម្មភាពការងារជាប្រចាំ ដោយធានាបានសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ កិច្ចប្រជុំធំៗ ទទួលបានលទ្ធផលល្អប្រសើរ។

ក្រៅពីកងកម្លាំងប្រដាប់អាវុធ គណៈបញ្ជាការឯកភាពខេត្ត រៀបចំបាននូវប្រជាការពារតាមភូមិ ឃុំ សង្កាត់ ក្នុងការធានាសុវត្ថិភាពក្នុងមូលដ្ឋានផ្ទាល់ ដែលជាកត្តាធ្វើឲ្យសមត្ថកិច្ចអាចបង្រ្កាបបទល្មើសនានាបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងនោះក្រៅពីសកម្មភាពទប់ស្កាត់ក្មេងទំនើង ការបង្រ្កាបបទលើ្មសជួញ ដូរគ្រឿងញៀនបាន៣៩៨ករណី ឃាត់ខ្លួនមនុស្ស៩៥១នាក់ ស្រី៦៩នាក់។ ដោយឡែក បទល្មើសនេសាទ បង្រ្កាបបាន១៥ប្រភេទ ដោយបំពេញសំណុំរឿងបាន ៣១៦ករណី។

បើតាមលោកអភិបាលខេត្ត ចំពោះការងារផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូន ប្រជាពលរដ្ឋសរុបបានចំនួន ៦៧៦,៥១៥នាក់ នៃផែនការសរុបចំនួន ៧១២,៩៩៤នាក់ នៅសល់ប្រជាពលរដ្ឋដែលត្រូវប្រមូលទិន្នន័យចំនួន ៣៦,៤៧៩នាក់ផងដែរ ៕







No comments:

Post a Comment