Friday, January 26, 2018

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២១នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ត្រូវបានបញ្ចប់ដោយជោគជ័យ

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២១ (21st Meeting of ASEAN Tourism Ministers) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ប្រកបដោយជោគជ័យ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមមួយដែលមានខ្លឹមសារដូចតទៅ៖

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានកត់សម្គាល់អំពីដំណើរការវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៦ (ATSP 2016-2025) ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ និងបានអនុម័តផែនការការងាររយៈពេល២ឆ្នាំ ២០១៨-២០១៩ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ព្រមទាំងបានកោតសរសើរចំពោះប្រទេសអាស៊ាននាំមុខក្នុងការរៀបចំអភិវឌ្ឍស្តង់ដាទេសចរណ៍អាស៊ាន។

កិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖
១៖ ពង្រីកវិសាលភាពកម្មវិធីផ្សព្វផ្សាយទីផ្សារទេសចរណ៍ក្នុងតំបន់អាស៊ាន និងកម្មវិធីទស្សនាអាស៊ាន ៥០ឆ្នាំ Visit ASEAN@50។ លើសពីនេះទៀត កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសរសើរ និងអរគុណចំពោះមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ, AirAsia, Master Card, TTG, ASEANTA និង Go ASEAN ដែលបានជួយផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ាន និងការផ្សព្វផ្សាយអំពីការតភ្ជាប់ក្នុងតំបន់អាស៊ាន។

២៖ អនុម័តសេចក្តីប្រកាសអាស៊ាន ស្តីពីទេសចរណ៍តាមនាវា ជំរុញឱ្យប្រទេសសមាជិកអាស៊ានតភ្ជាប់ទេសចរណ៍តាមនាវា ពិសេសត្រូវមានគោលនយោបាយ បទដ្ឋានគតិយុត្ត ហើយអនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវក្នុងការអភិវឌ្ឍធុរកិច្ច និងការកសាងសមត្ថភាព លើសពីនេះទៀត ត្រូវបន្ថែមសកម្មភាពទូកក្តោង និងជីវសាស្ត្រក្រោមទឹក។

៣៖ បានជំរុញលើតម្រូវការនៃការអភិវឌ្ឍផលិតផលទេសចរណ៍ តាមរយៈការរៀបចំឱ្យមានកិច្ចសហការជាមួយដៃគូនានា និងជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងតំបន់អាស៊ាន ដែលក្នុងអាស៊ានមានជាង១៣០ ផលិតផលទេសចរណ៍ប្រកបដោយពិពិធភាព ពិសេសត្រូវជំរុញឱ្យមានទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)។
៤៖ បានជំរុញវិនិយោគទុនលើហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍ ហើយគាំទ្រនិងឯកភាពក្នុងការចូលរួមក្នុងសិក្ខាសសាលាស្តីពីការជំរុញវិនិយោគទុននៅប្រទេសអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េ) ចាប់ពីឆ្នាំ២០១៨-២០២០។

៥៖ ជំរុញការអនុវត្តទេសចរណ៍ដើម្បីទាំងអស់គ្នា ហើយបានលើកទឹកចិត្តរដ្ឋប្រទេសសមាជិកអាស៊ាន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសម្បទាទេសចរណ៍សម្រាប់ជនពិការ។
៦៖ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននឹងប្រគល់ជ័យលាភី រួមមាន៖ សណ្ឋាគាបៃតងអាស៊ានចំនួន៤៧ អាស៊ាន MICE ចំនួន៤៧ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន២៣ និងទេសចរណ៍ប្រកបដោយចីរភាពចំនួន១៧។

៧៖ ជំរុញគុណភាពនៃអ្នកជំនាញទេសចរណ៍ដោយបានបញ្ចប់២៤២ Toolboxes ក្រោមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល និងជនបង្គោលវាយតម្លៃតាមផ្នែក ហើយបានអនុម័តឲ្យមានការសិក្សាលើផែនការសកម្មភាព ៥ឆ្នាំ ហើកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក នៃអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី២០-២១ ក្នុងខែមិថុនា ឆ្នាំ២០១៨។ ស្របជាមួយគ្នានេះដែរ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយឧបត្ថម្ភគាំទ្រកន្លងមក។

៨៖ ជំរុញការអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានកិច្ចព្រមព្រៀងស្តីពីការសម្របសម្រួលផែនការដឹកជញ្ជូនអ្នកដំណើរឆ្លងដែនតាមរថយន្ត សំដៅជំរុញការតភ្ជាប់ដោយប្រើប្រាស់រថយន្តក្រុង និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត ពិសេសការធ្វើដំណើរតាមរថយន្ត លើសពីនេះទៀត កត់សម្គាល់លើការអភិវឌ្ឍផែនការសិក្សាស្តីពីការជំរុញការបើកបរឆ្លងដែនក្នុងដំណើរទេសចរណ៍ (Overland Tourism Access) តាមច្រករបៀងទេសចរណ៍ធំៗ និងតាមរយៈការទទួលស្គាល់ប័ណ្ណបើកបរក្នុងស្រុក ដែលចេញដោយប្រទេសសមាជិកអាស៊ាន៕



No comments:

Post a Comment