Friday, January 26, 2018

សាលាឧទ្ធរណ៍ នឹងបើកសវនាការ រឿងសុំនៅក្រៅឃុំរបស់ ជនត្រូវចោទ កឹម សុខា នៅថ្ងៃទី១កុម្ភៈ

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះរឿងក្តី លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបណ្តឹងសុំនៅក្រៅឃុំ ប្រឆាំងនឹងការសម្រេចមិន​ដោះលែងរបស់ សាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោកមេធាវី សំ សុគង់ ដែលថ្លែងប្រាប់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ។

លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានអះអាងថា សវនាការនេះ ដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និងមានលោក ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាម​ការបង្គាប់​បញ្ជា​របស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។

លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេច​ទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវ​តាមផ្លូវច្បាប់៕


No comments:

Post a Comment