Friday, January 26, 2018

កម្ពុជា ស្វាគមន៍ទស្សនទានសេដ្ឋកិច្ច ពណ៌ខៀវដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលំហសមុទ្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍ទស្សនទានសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលំហសមុទ្ររវាងប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការលើកស្ទួយសកម្មភាពរួម និងគម្រោងអភិវឌ្ឍន៍រួម ដែលជួយដល់ការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅទីក្រុង New Delhi សាធារណរដ្ឋឥណ្ឌានៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

នៅក្នុងកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលបានកើតឡើងក្នុងរយះពេល២៥ឆ្នាំកន្លងមកគឺជាមោទនភាពមួយសម្រាប់រូបលោក ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១ កាលពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ និងបានដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ក្នុងខណៈដែលឥណ្ឌា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបានចូលរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ឥណ្ឌា ទៅជាដៃគូយុទ្ធសាស្រ្ត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យមានការទាញអារម្មណ៍ពីមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងការពិចារណាកំណត់ទិសដៅអនាគត់លើការងារសំខាន់ៗចំនួន៦ ដែលជាទិសដៅនិងជាចក្ខុវិស័យដ៏ត្រចះត្រចង់នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា។ កម្ពុជាគាំទ្រ និងបន្តចូលរួមក្នុងសកម្មភាពនានា និងតាមរយៈយន្តការនានាដែលមានស្រាប់នាំមុខដោយអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងបញ្ហាលំហសមុទ្រ បង្កើនទំនុកចិត្ត និងលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រក្នុងការជួយសង្រ្គោះ ការរុករក ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការប្រយុទ្ធប្រឆាំងនិងចោរកម្មនៅក្នុងលំហសមុទ្រ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះគឺក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ»។ មេដឹកនាំអាស៊ាន-ឥណ្ឌា បានប្តេជ្ញាក្នុងការខិតខំប្រឹងប្រែង និងសហការអនុវត្តផែនការសកម្មភាព ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦-២០២០) ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងទាន់ពេលវេលា៕




No comments:

Post a Comment