Friday, January 26, 2018

អ្នកនាំពាក្យបក្សកាន់អំណាច លើកឡើងថាក្រុមឧទ្ទាមប្រឆាំងកំពុងច្របូកច្របល់វិលវល់បែកបាក់គ្នាយ៉ាងខ្លាំង

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ​ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសកំពុងច្របូកច្របល់វិលវល់យ៉ាង​ខ្លាំងដោយសារមិនទាន់បានបង្កើតរបស់ដែលហៅថា ចលនាសង្គ្រោះជា​តិផង ស្រាប់តែបែកបាក់គ្នាយ៉ាងស្រួចស្រាល់ ដោយម្ខាងគាំទ្រ ម្ខាងទៀតប្រឆាំងមិនគាំទ្រដែ​លធ្វើឱ្យរបស់ដែលហៅថា ចលនាសង្គ្រោះជាតិនេះនៅវិលវល់។

លោក សុខ ឥសាន បានគូសបញ្ជាក់ថា ភាគីសម រង្ស៊ី ថាការបង្កើតចលនានេះ ដោយសារអ​តីតបក្សសង្គ្រោះជាតិមិនអាចធ្វើសកម្ម​ភាពបានតទៅទៀតទេ ចាំបាច់ត្រូវបង្កើតចលនាសង្គ្រោះជាតិនេះដើម្បីអាចជួយយិតយោងបក្សសង្គ្រោះជាតិបាន ដែលជាចេតនាចង់លុបបំបាត់មុខមា​ត់ក្រុមកឹម សុខា។ ការប្រកាសមិនចូលដៃជាមួយ សម រង្ស៊ី ក្នុងការបង្កើតរបស់ដែលហៅ​ថាច​លនាសង្គ្រោះជាតិរបស់កឹម សុខា ត្រូវបានក្រុមនិយមសម រង្ស៊ី វាយបកវិញថា ជាការសម្រេចចិត្តដោយភ័យខ្លាចស្ថិតនៅក្រោមគំនាបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក សុខ ឥសាន ក៏បានបន្តថា ឆ្លើយតបចំពោះការចោទប្រកាន់នេះកូនស្រី កឹម សុខា បាននិយាយថាឪពុករបស់នាងមិនមា​នការភ័យខ្លាចដូចសម រង្ស៊ីថានោះទេ គឺសម្រេចចិត្តដោយឆន្ទៈឯករាជ្យរបស់ខ្លួន។ សម រង្ស៊ី ថាបើមិនបង្កើតរបស់ហៅថាចលនាសង្គ្រោះជាតិទេ នោះមិនអាចជួយយិតយោងអតីតបក្សប្រ​ឆាំងឱ្យរស់ឡើងវិញបានទេ។ ចេតនារបស់ចលនាសង្គ្រោះជាតិគឺចង់ឱ្យមានការដោះលែង កឹម សុខា ឱ្យអតីតបក្សសង្គ្រោះជាតិបានរស់ឡើងវិញ និងបា​នចូលរួមបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះ។

លោក សុខ ឥសាន ក៏បានសង្កត់ធ្ងន់ថា ការខ្វែងគំនិតនិងទស្សនៈគ្នានេះ ឆ្លុះបញ្ចាំងពីការបែកបាក់គ្នាដែលមិនអាចផ្សះផ្សារបានដែ​លកើតមានតាំងពីដើមមក ទោះបីចៅហ្វាយនាយចាប់បញ្ចូលគ្នា និងបង្ខំឱ្យរួបរួមគ្នាយ៉ាងណាក៏ដោយ។ ម៉្យាងទៀត រាល់ការទាមទារឱ្យដោះលែងជ​នជាប់ចោទ កឹម សុខា និងឱ្យអតីតបក្សដែ​​លបានរលាយទៅហើយនោះមិនអាចហុចផលជាវិ​ជ្ជមានឡើយ។

លោក សុខ ឥសាន ក៏បានសន្និដ្ឋានថា ហេតុនេះការតស៊ូទាមទារមិនបានសម្រេចផលនេះ ប​ញ្ជាក់ច្បាស់ថា គ្មានអានុភាពណាអាចធ្វើឱ្យខ្មោចសង្គ្រោះជាតិរស់ឡើងវិញបានជាដាច់ខាត ហើយក៏ជាការបរាជ័យដ៏អាម៉ាស់របស់ពួកគេដែលមានមហិច្ឆតាខ្ពស់ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល​កម្ពុជាស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលទ្ធិប្រជាធិបតេយ្យសេរីពហុប​ក្ស​នៅកម្ពុជា៕


No comments:

Post a Comment