Friday, January 26, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រមុខដឹកនាំបណ្ដាប្រទេសអាស៊ាន បានចូលរួមពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានាធិបតីឥណ្ឌា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ា​​​ន​-ឥណ្ឌា និងបំពេញ​ទស្សន​កិច្ច​​ផ្លូវ​ការ​នៅសាធារណរដ្ឋឥណ្ឌានោះ បានអញ្ជើញចូលរួមជា​មួ​យ​បណ្ដាមេដឹកនាំនៃប្រទេស​អាស៊ា​ន​ ក្នុង​ពិធី​លៀង​​សាយភោជន៍​ដែល​រៀប​ចំដោយប្រធា​នា​ធិ​បតីឥណ្ឌា នៅវេលាថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍៩កើត ខែមាឃ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវ​​នឹ​​​ង​ទី២៥ ខែមក​រា​ ឆ្នាំ២០១៨នេះ។

ពិធីលៀងសាយភោជន៍នេះ គឺបានរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និង​ឥណ្ឌាឱ្យកាន់តែល្អប្រសើរបានមួយកម្រិតធំថែមទៀត។ បន្ទាប់ពីពិធីលៀងសាយភោជន៍ថ្ងៃត្រង់នេះរួចហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំចង្អៀតជា​មួយ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី (Nar​endra Modi) និងប្រមុខដឹកនាំអាស៊ានទាំង ១០ស្តីអំពីកិច្ចសហប្រតិបត្តិការលំហសមុទ្រ និងសន្តិសុខ។

នៅម៉ោងប្រមាណ ១៧:៤៥ ល្ងាចនេះ គឺប្រទេសឥណ្ឌានឹងប្រកាសចេញផ្សាយតែមប្រិ៍ (Stamp) ផ្លូវការ រំលឹកខួបអនុស្សាវរីយ៍ ឥណ្ឌា-អាស៊ាន។ នៅល្ងាចនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ និងទស្សនាពិព័រណ៍គំនូរចំនួន ២០ ផ្ទាំង ដែលជាស្នាដៃរបស់វិចិត្រករអាស៊ាន-ឥណ្ឌា បន្ទាប់មកអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ពេលល្ងាច ហើយនឹងថតរូបអនុស្សាវរីយ៍រួមគ្នាជាមួយប្រមុខរដ្ឋាភិបាលនៃប្រ​ទេសអាស៊ានទាំង១០ និងប្រមុខដឹកនាំនៃប្រទេសឥណ្ឌា៕





No comments:

Post a Comment