Friday, January 26, 2018

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជួបសំណេះសំណាលជាមួយពលករកម្ពុជាដែលបានធ្វើលិខិតឆ្លងដែនស្របច្បាប់ប្រមាណជិត ១.០០០នាក់ នៅប្រទេសថៃ

នៅរសៀលថ្ងៃព្រហស្បត៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយពលករនៅរោងចក្រ Thai Union Manufaturing Co., Ltd រួចមក លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល ជាមួយពលករកម្ពុជាដែលបានធ្វើលិខិតឆ្លងដែនស្របច្បាប់ នៅការិយាល័យបញ្ជាក់អត្តសញ្ញាណ ដែលរៀបចំឡើង ដោយគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា នៅប្រទេសថៃ ដែលមានទីតាំងស្ថិតនៅ Imperial World Ladphrao ផ្លូវឡាតប្រាវ, សង្កាត់ ចៅឃុនស៊ីង, ខណ្ឌ ថុងឡាង, ទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលករ ពលការិនីទាំងអស់ ដែលបានមកទទួលស្វាគមន៍គណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្តៅ ហើយជាមួយគ្នានេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចកាលតែងតែនឹករលឹក និងគិតគូរដល់បងប្អូនពលករទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស។ ក្នុងនោះការធ្វើលិខិតឆ្លងដែន នៅក្នុងប្រទេសថៃនេះ គឺជាការរៀបចំឱ្យបងប្អូនពលករកម្ពុជា មានលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវ ក្នុងនាមជាពលករដែលបានមកធ្វើការនៅក្រៅប្រទេស ដើម្បីចៀសវាងនូវការចាញ់​បោកពីមេខ្យល់ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីរោងចក្រ ឬសហគ្រាសផ្សេងៗទៀតដូចពលករថៃផងដែរ៕







No comments:

Post a Comment