Friday, September 15, 2017

លោក ហ៊ុន សែន ទាមទារឱ្យអាមេរិកបកស្រាយឱ្យច្បាស់ថាតើសម្តីរបស់លោក កឹម សុខា ពិតឬមិនពិតអំពីផែនការធ្វើបដិវត្តន៍ពណ៌?

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបចំ​ពោះសហរដ្ឋអាមេរិកដែលបានលើកឡើងថា ការចោទប្រកាន់ទៅលើអាមេរិកថានៅពីក្រោយខ្នង លោកកឹម សុខានោះ គឺជាការចោទប្រកាន់គ្មានភស្តុងតាង គ្មានមូលដ្ឋានត្រឹមត្រូវ ដោយលោកបានស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិកឆ្លើយបំភ្លឺថាតើសម្តីរបស់លោក កឹម សុខា ត្រឹមត្រូវឬអត់?  លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិតជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជ​ធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ក៏បានស្នើឱ្យស្ថានទូតអាមេរិកចេញមុខមកពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជា ដោយសារ កម្ពុជា មិនបានចោទប្រកាន់អាមេរិកទេ ប៉ុន្តែលោក កឹម សុខា នោះទេដែលជាអ្នកចោទប្រកាន់អាមេរិកថាបានណែនាំអំពីវិធីផ្តួលរំលំផ្លាស់ប្តូរតាមរបៀបនៅយូហ្គោស្លាវី និងសេប៊ី ហើយថែមទាំងបានបញ្ជូនសាស្រ្តាចារ្យអាមេរិកមកជួយបណ្តុះបណ្តាល និងអនុវត្តន៍នៅកម្ពុជាទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ច្បាស់ថា សម្តីរបស់លោក កឹម សុខា គឺជាសម្តីពិតប្រាកដដែលបានបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមជាសាធារណៈ ដូចនេះរដ្ឋាភិបាលអាមេរិក រាប់តាំងពីជំនាន់លោក Bush, Clinton, W. Bush, Obama និងរហូតដល់លោក Donald Trump ទាំងប្រាំប្រធានាធិបតីនេះ ត្រូវចេញមកបកស្រាយចំពោះមុខប្រជាជនកម្ពុជា៕






No comments:

Post a Comment