Friday, September 15, 2017

អភិបាលខេត្តកំពង់ឆ្នាំង និងប្រទេសវៀតណាម នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា និយាយ ជារួម និងនិយាយដោយឡែករដ្ឋបាលខេត្តកំពង់ឆ្នាំង គឺមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយប្រទេសវៀត ណាម ទាំងផ្នែករដ្ឋបាល ក៏ដូចជាវិស័យផ្សេងៗទៀត។
លោក ឈួរ ច័ន្ទឌឿន បានបន្តថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងភាគី វៀតណាម ជាពិសេសលើការផ្លាស់ប្តូរប្រតិភូធ្វើទស្សនកិច្ច ដកស្រង់ បទពិសោធន៍ការងារ ពីគ្នាទៅវិញទៅមក ដើម្បីអោយកំរិតជីវភាពនៃប្រជាជនប្រទេសទាំង២ កាន់តែធូរធា និងប្រសើរឡើងថែមទៀត។
លោកអភិបាលខេត្ត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណៈ ប្រតិភូប្រទេស វៀតណាម ដឹកនាំដោយ លោក វូ ហុងណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃរដ្ឋាភិបាលវៀតណាម ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នៅខេត្តកំពង់ឆ្នាំង។
ឆ្លើយតបក្នុងឱកាសនោះ លោក វូ ហុងណាម បានលើកឡើងថា វៀតណាម បានផ្តោតយ៉ាងសំខាន់ ក្នុងកិច្ច សហប្រតិបត្តិការ នឹងបន្តទំនាក់ទំនងល្អរវាងប្រទេសយើងទាំង២ ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង លោក នឹងធ្វើការជម្រុញដល់អ្នកវិនិយោគ ដើម្បីចូលមកធ្វើការសិក្សាស្វែងយល់ អំពីសក្ដានុពលរបស់ខេត្ត។

លោក វូ ហុងណាម បន្តថា លោកនឹងជំរុញការធ្វើវិនិយោគលើវិស័យកសិកម្ម វារីវប្បកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត ហើយលោកសង្ឃឹមថា ខេត្តកំពង់ឆ្នាំង នឹងមានការអភិវឌ្ឍរីកចម្រើនថែមទៀត ក្រោមកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំង២ នាថ្ងៃអនាគត៕



No comments:

Post a Comment