Friday, September 15, 2017

លោក ហ៊ុន សែន បញ្ជាឱ្យស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវវត្តមានជនជាតិអាមេរិក ដែលសង្ស័យថា នៅពីក្រោយបាតុកម្មហិង្សានៅកម្ពុជាឆ្នាំ២០១៣

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ធ្វើការស្រាវជ្រាវវត្តមានជនជាតិអាមេរិកទាំងឡាយ ដែលសង្ស័យថា បានធ្វើចារកម្មនៅពីក្រោយខ្នងបាតុកម្មហិង្សាឆ្នាំ២០១៣ ឱ្យដឹងថាតើនរណាខ្លះដែលបានចូលមកដល់កម្ពុជា។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិត ជាង១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានដឹងពីមុនមកហើយថា មានចារកម្មអាមេរិកពីរនាក់បានមកបញ្ជា សូម្បីតែនៅផ្លូវវេងស្រេងក៏មានបាតដៃចារកម្មទាំងពីរនាក់នោះដែរ។ កម្ពុជាគ្មានចេតនារករឿងជាមួយអាមេរិកទេ ប៉ុន្តែសូមអាមេរិកកុំមើលកម្ពុជាក្នុងកែវភ្នែកអាក្រក់។

ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ បន្ទាប់ពីមានបែកធ្លាយវីដេអូរបស់លោក កឹម សុខា ទទួលស្គាល់ថា អាមេរិកជាអ្នកនៅពីក្រោយខ្នង និងបានណែនាំលោក អំពីវិធីផ្តួលរំលំផ្លាស់ប្តូរ រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរបៀបនៅយូហ្គោស្លាវី និងសេប៊ី ហើយថែមទាំងបានបញ្ជូនសាស្រ្តាចារ្យអាមេរិកមកជួយបណ្តុះបណ្តាល និងអនុវត្តន៍នៅកម្ពុជាទៀតផង។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហ៊ុន សែន ក៏បានស្នើឱ្យអាមេរិកចេញមុខបកស្រាយឱ្យបានច្បាស់ផងដែរចំពោះមុខប្រជាជនកម្ពុជា៕






No comments:

Post a Comment