Friday, September 15, 2017

លោក ហេង សំរិន និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសហ្វីលីពីន ដោយសុវត្ថិភាព ដើម្បីចូលរួមមហាសន្និបាតអាយប៉ា

ហ្វីលីពីន៖ គណៈប្រតិភូជាន់ខ្ពស់សភានៃកម្ពុជា ដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញមក ដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសុវត្ថិភាពក្នុង ការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញានោះ។
មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៨ ឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «អាយប៉ា និងអាស៊ានៈ រួមគ្នាដើម្បីការផ្លាស់ប្ដូរសម្រាប់ទាំងអស់គ្នា»។
ពីធីបើកមហាសន្និបាតជាផ្លូវការនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីមានកិច្ចប្រជុំគណៈ កម្មាធិការប្រតិបត្តិ នៅថ្ងៃទី១៥ ខែកញ្ញា ដើម្បីកំណត់របៀបវារៈ នៃមហាសន្និបាតហើយនោះ។
លោកប្រធានរដ្ឋសភានឹងចូលរួមក្នុងព្រឹតិ្តការណ៍សំខាន់ទំាងពីរ នៃមហាសន្និបាតនេះ ដោយក្នុងនោះ នៅក្នុង ពិធីបើកមហាសន្និបាត លោក ហេង សំរិន នឹងត្រូវឡើងថ្លែងបទអន្តរាគមន៍ ទៅកាន់អង្គពិធីទៀតផង។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិ បង្កើតឡើង ដោយសភា បណ្តាប្រទេសជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ សមាជិកអាយប៉ា បានផ្លាស់វេន គ្នារៀបចំមហាសន្និបាតប្រចាំឆ្នាំ តាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង ៕


No comments:

Post a Comment