Friday, September 15, 2017

បន្ថែមពីការផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងជួបកម្មករដោយផ្ទាល់ជាង១លាននាក់ ដើម្បីស្វែងយល់ពីលក្ខ័ណ្ឌការងារ

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ ជួបសំណេះ​សំណាលសួរសុខទុក្ខ បងប្អូនកម្មករកម្មការនីចំនួន ១៦,៤៨៤ នាក់នៅសួន ឧស្សាហកម្ម វឌ្ឍនៈ១ ស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដែលបានកំពុងធ្វើនូវអ្វី ដែលលោកបានសន្យាជាមួយកូនក្មួយកម្មករ ថានឹងចុះជួបពួកគេដោយផ្ទាល់។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បានបញ្ជាក់ថា​លោកគ្រោងនឹងចុះជួបបង​ប្អូនកម្មករ​ជាង១លាននាក់ នៅទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ឧស្សាហកម្ម ២០១៥-២០២៥ ដែលបានធ្វើឱ្យវិស័យនេះ មានសន្ទុះរីកចម្រើនដូចសព្វថ្ងៃ ហើយកំណើន​នៃការនាំចេញមានរហូតដល់១២,០០០លានដុល្លារអាមេរិក។
តាមរយៈការចុះជួបសួរសុខទុក្ខដោយផ្ទាល់នេះ លោកនាយករដ្ឋមន្ត្រី បានសង្កេតឃើញថា លក្ខ័ណ្ឌ​ការងារ​តាមរោងចក្រ ត្រូវបានកែលម្អកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ហើយបញ្ហាការងារក៏ត្រូវបាន​ដោះស្រាយ។ លោក ហ៊ុន សែន បន្ថែមថា លោកនឹងបន្តចុះជួប បងប្អូនកម្មករ -កម្មការិនី នៅរៀងរាល់​ថ្ងៃអាទិត្យ និងថ្ងៃពុធ ព្រោះសុខទុក្ខរបស់កម្មករ គឺជាសុខទុក្ខរបស់លោកផ្ទាល់។ លោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថាកាលពីឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ៦៤ប៉ុណ្ណោះ តែពេលនេះកម្ពុជាមាន​ប្រមាណជាង១ម៉ឺនរោងចក្រ និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណជាង១លាននាក់។ ប្រាក់ខែកម្មករ​ពីមុនគឺមានតែជាង ៣០ដុល្លារ ប៉ុន្តែបានតម្លើងមករហូតដល់១៥៣ដុល្លារបូកថែមនឹង ប្រាក់អត្ថប្រយោជន៍​ផ្សេងៗគឺ ច្រើនជាង២០០ដុល្លារ។ ជាងនេះទៅទៀតនៅឆ្នាំ២០១៨ ប្រាក់ខែកម្មករ នឹងតម្លើងដល់១៦៨ ដុល្លារ បូកថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺច្រើនជាង២០០ដុល្លារ ដែលនឹងធ្វើអោយជីវភាពរស់នៅ របស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងអនុវត្តគោលនយោបាយ (៣-សុំ) គឺ១) សុំអោយបរទេសជួយកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយ បរទេសជួយទិញទំនិញពីកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់ បងប្អូនកម្មករអោយកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ លោកបានអំពាវនាវ ដល់ម្ចាស់រោងចក្រទាំងអស់ ត្រូវមានការយោគយល់គ្នាជាមួយកម្មករនិយោជិតហើយត្រូវខិតខំ ដោះស្រាយបញ្ហាតាមសន្តិវិធីចៀសវាងវិវាទផ្សេងៗ ដែលឈានទៅដល់ ការបណ្តេញកម្មករចេញពីរោងចក្រជាដើម។
ដោយឡែកចំពោះដំណោះស្រាយទឹក គឺចាប់ពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១៧ តម្លៃទឹកដែលម្ចាស់ផ្ទះនឹងលក់ អោយកម្មកគឺត្រឹមតែ ៨០០៛ ប៉ុណ្ណោះក្នុង១ម៉ែត្រគូប។ ចំពោះអគ្គីសនីវិញ បើប្រើ៥០គីឡូវ៉ាត់ម៉ោងចុះ ក្រោមគឺតម្លៃ ៤១០៛។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ ម្ចាស់ផ្ទះជួលសូមកុំតម្លើងថ្លៃឈ្នួលផ្ទះក្នុងរយៈពេល១ឆ្នាំ (២០១៨) ដើម្បីអោយកម្មករនៅសល់ប្រាក់ មួយចំនួនសម្រាប់ដោះស្រាយជីវភាពរស់នៅអោយបានល្អប្រសើរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា កម្មករកម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅកម្មករ-កម្មការិនីយើងទាំងអស់ (រួមទាំង កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្ម…ជាដើម) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ដែលចេញថវិកាដោយមូលនិធិសមធម៍។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំង អស់ត្រូវរៀបចំបង្កើត Clinic មើលថែសុខភាពកម្មករ នៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ កម្មការនី។ ចំពោះស្រ្តីសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ១២០%ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ចំពោះបងប្អូនកូនក្មួយកម្មការិនី ដែលត្រូវសម្រាលកូនទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយ បូកប្រាក់ឧបត្ថម្ភមួយចំនួនបន្ថែមទៀតពី លោក និងភរិយា ថវិកានេះនឹងផ្តល់ ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល។ ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅតែទទួលបាន ថវិកាឧបត្ថម្ភគាំពារដូចគ្នា៕





No comments:

Post a Comment