Friday, September 15, 2017

ពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងនិវត្តន៍ជនមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថ្លែង កោតសរសើរ និងអរគុណ ដល់មន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច តាមមុខជំនាញរៀងៗខ្លួន ដែលធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើន លើវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។
លោក កែវ ពៅ បន្តថា ជាពិសេសបងៗនិវត្តន៍ជន ដែលផ្តល់បទពិសោធន៍ សម្រាប់ប្រទេសជាតិ ហើយរាជរដ្ឋា ភិបាល ដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺមិនដែលភ្លេចគុណបំណាច់បងប្អូនម្តងណា ឡើយ។
លោក កែវ ពៅ បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងពិធីជួបសំណេះសំណាល ជាមន្រ្តីរាជការ និងនិវត្តន៍ជនចំនួន ៤០៤នាក់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីជាតិយើង។
ក្នុងឪកាសនោះដែរ លោក កែវ ពៅ បានផ្តាំផ្ញើដល់មន្រ្តីត្រូវខិតខំបំពេញភារកិច្ច បន្តអភិវឌ្ឍន៍សមត្ថភាពការងារ និងត្រូវមានគុណធម៌ខ្ពស់ ស្របតាមវិជ្ជាជីវៈដើម្បីបំរើប្រជាពលរដ្ឋ និងសង្គមជាតិឱ្យរីកចម្រើន។
លោកបន្ថែមថា ជាពិសេស លោក លោកស្រី ដែលជានិវត្តន៍ជនទាំងអស់ ត្រូវខិតខំថែទាំសុខភាព អោយបាន ល្អ ដើម្បីជួយថែទាំកូនចៅ និងជួយលើកស្ទួយកំរិតជីវភាពគ្រួសាររបស់ខ្លួន អោយកាន់តែប្រសើរថែមទៀត។

លោក កែវ ពៅ ព្រមទាំងមន្រ្តីរាជការទាំងអស់ បានរាប់បាតដល់ព្រះសង្ឃ និងបង្សកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនវិញ្ញាណក្ខ័ន្ធ ជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ព្រមទាំងប្រជាពលរដ្ឋខ្មែរដែល បានស្លាប់ ដោយអយុត្តិធម៌ក្នុងរបបប៉ុកពត និងយុទ្ធជន យុទ្ធនារីដែលលះបង់ជីវិតដើម្បីជាតិនិងមាតុភូមិ។ ជាមួយគ្នានោះ លោក កែវ ពៅ បានឧបត្ថម្ភដល់មន្រ្តីចូលរួម ៤០៤នាក់ក្នុងម្នាក់ៗ ទទួលបានសារុង១ និងថវិកា ៥ម៉ឺនរៀលផងដែរ៕





No comments:

Post a Comment