Friday, September 15, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យដោះស្រាយវិវាទការងារដោយសន្តិវិធី យោគយល់ និងដោយការស្រឡាញ់

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ភាគីនិយោជក និងនិយោជិតដោះស្រាយបញ្ហាវិវាទការងារប្រកបដោយសន្តិវិធី ដោយការយោគយល់ និងដោយការស្រឡាញ់ដើម្បីការរីកចម្រើនទៅមុខទាំងអស់គ្នាប្រកបដោយសុខ​ដុមនីយកម្មការងារ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញ ជួបសំ​ណេះសំណាលសួរសុខទុក្ខកម្មករនិ​យោជិត​ជាង​១ម៉ឺននាក់នៅ សួនឧស្សាហកម្ម​វឌ្ឍនៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេង​ស្រេង រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅក្នុងគ្រួសារមានគ្នាប្រាំនាក់ ក៏គង់មានថ្ងៃប៉ះទង្គិចគ្នា ចុះទម្រាំនៅក្នុងរោងចក្រដែលមានមនុស្សជាង២ពាន់នាក់គឺតែងតែមានការប៉ះទង្គិ​ច​គ្នាមិនខានឡើយ ហើយការបណ្តេញចេញពីការងារមិនមែនជាដំណោះស្រាយពិត​ទេ។ លោក ក៏បានសំណូមពរឱ្យកម្មករនិយោជិតទាំងអស់ គោរពច្បាប់ការងារទាំងអស់គ្នាដើម្បីជាផលប្រយោជន៍ទាំងភាគីនិយោជិត និងថៅកែដែលភាគីទាំងពីរនេះមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កាលពីឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រតែ៦៤រោងចក្រ កម្មករ ៨២០០០នាក់ ប្រាក់ឈ្នួលអប្បបរមា ៤០ដុល្លារក្នុងមួយខែ ហើយទំហំនាំចេញត្រឹមតែ២២៧លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្ននេះ កម្ពុជាមានទំហំនាំចេញរហូតទៅដល់ ៧៦៦៣លានដុល្លារអាមេរិក ដែលនេះជាវឌ្ឍនភាពធំណាស់ដែលបានកើតឡើងពីការរួមគ្នាទាំង​និយោជិត និយោជក ឬអាចថាទាំងអ្នកវិនិយោគ ទាំងកម្មករ កម្មការិនីរបស់យើង។ ទាំងអស់​នេះអាចនិយាយបានថាពលកម្មវ័យក្មេងរបស់យើង បានរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ច​ជាង ៧%ក្នុងមួយឆ្នាំ។ នេះជាសមិទ្ធផលដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ប្រ​ទេ​ស​កម្ពុជា។

លោកនាយករដ្ឋមន្រ្តី ក៏បានបន្ថែមថា ដើម្បីធានាដល់កិច្ចអភិវឌ្ឍទាំងនេះ ត្រូវតែធានាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ ហើយចំណុចនេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានលទ្ធភាពធ្វើកិច្ចការនេះបាន គណបក្សដទៃគ្មានលទ្ធភាពក្នុងការគ្រប់គ្រងស្ថានការណ៍របស់កម្ពុជាទេ។ ប្រទេសមួយចំនួនកំពុងតែមានស្ថានភាពច្របូកច្របល់ច្រើនឡើងៗរាប់​ទាំងប្រទេសមីយ៉ាន់ម៉ាដែលស្ថិតក្នុងក្របខណ្ឌអាស៊ានផងដែរ៕





No comments:

Post a Comment