Wednesday, August 02, 2017

Najib និយាយថា ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​អាច​ក្លាយជា​មហន្តរាយ

សារព័ត៌មាន Bernama បាន​រាយការណ៍​ថា នាយក​រដ្ឋ​មន្ត្រីលោក Najib Razak បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​អាច​នាំ​ឲ្យ​មាន​មហន្តរាយ​ ដោយនិយាយថា ការ​ផ្លាស់ប្តូរ​មិន​ធានាដល់​អភិបាលកិច្ច​ល្អ​ប្រសើរ​នោះទេ ហើយ​បាន​ចង្អុល​ដល់​ប្រទេស​អ៊ីរ៉ាក់នៅ​ក្រោយ​លោក Saddam Hussein មក​ធ្វើ​ជា​ឧទាហរណ៍​​។
លោក Najib បាន​និយាយថា “គ្រូពេទ្យ​របស់ខ្ញុំ​នៅ​វិទ្យាស្ថាន​បេះដូងជាតិ​បាន​ប្រាប់​ខ្ញុំអំពី​អ្នក​ជម្ងឺ​ជាតិ​អ៊ីរ៉ាក់​ម្នាក់​ដែល​ នៅពេល​សួរ​ថា តើ​វា​ល្អប្រសើ​រ​ ឬអត់​កាលពី​ពេល​មុន​ និង​ពេល​នេះនៅ​ប្រទេស​អ៊ីរ៉ាក់​ អ្នក​ជម្ងឺ​នោះ​​បាន​និយាយថា សូម្បីតែ​ស្ថិត​នៅ​ក្រោម​ប្រធានាធិបតី Saddam Hussein ដែល​ត្រូវ​បាន​គេ​ស្អប់​នោះ យ៉ាង​ហោចណាស់​ ពួក​គេ​មាន​អាហារ​ហូប ក្មេងៗ​អាច​ទៅ​សាលារៀន និង​ប្រទេស​មាន​សុវត្ថិភាព​ដែរ”។
លោក Najib បាន​និយាយ​នៅពេល​បើក​សន្និសីទ​ Lipis Umno ថា “ប៉ុន្តែ សូម​ក្រឡែក​មើល​ពេល​នេះ គឺអ្វីៗ​ទាំង​អស់​ត្រូវ​បំផ្លាញ។ ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ធានា​ដល់​អភិបាល​កិច្ច​ល្អ​ប្រសើរ​នោះទេ”។​
លោក​ Najib បាន​និយាយថា ប្រជាជន​ម៉ាឡេស៊ីគួរ​តែ​រៀន​សូត្រ​ពី​ការ​ងើប​បះបោរ​នៅពិភព​អារ៉ាប់ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​នៅ​មជ្ឈឹម​បូព៌ាជាច្រើន​ រាប់​បញ្ចូល​ទាំង​អ៊ីរ៉ាក់​ កំពុង​ជួប​ចលាចល។
នាយក​រដ្ឋ​មន្ត្រី​រូប​នោះបាន​និយាយថា “ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​មិន​មែនជា​ដំណោះ​ស្រាយ​នោះទេ។​ ប្រសិន​បើ​ផ្លាស់ប្តូរ​ទៅ​ល្អ វា​មិន​អីនោះទេ។ ប៉ុន្តែ​ប្រសិន​បើ​វា​មិន​ល្អ វា​នាំ​ឲ្យ​មាន​មហន្ត​រាយ​កាន់តែ​ខ្លាំង និង​មានភាព​មិន​ប្រាកដប្រជាកាន់តែខ្លាំង។ បើ​វា​កើត​ឡើង​ដូច​នោះ​មែន​ វា​គឺជា​រឿង​ឆ្កួត​លីលា​មួយ​។ សុំ​ទោស​ ដែល​ខ្ញុំ​និយាយវា​ឡើង”។​
Najib កំពុង​តែ​រិះគន់​បក្ស​ប្រឆាំង​ ដែល​កំពុង​ខិតខំ​ក្នុងការ​ផ្តួល​បក្ស Barisan Nasional នៅ​ក្នុងការ​បោះឆ្នោត​ជាតិ​ខាង​មុខ ដែល​មាន​លោក Najib ជា​សត្រូវ​ដ៏ធំ​ ដោយ​​មាន​ការ​ដឹកនាំ​ធ្វើ​រឿង​នោះ​ដោយ​បណ្ឌិត​ Mahathir Mohamad។
អតីត​នាយក​រដ្ឋ​មន្ត្រី​រូប​នោះ (Mahathir) នៅពេល​ថ្មីៗនេះត្រូវ​បាន​គេ​តែង​តាំង​ជា​ប្រធាន​របស់​ក្រុម​ចម្រុះ​របស់បក្ស​ប្រឆាំង Pakatan Harapan ដែល​ទើប​បាន​ចាប់ដៃគ្នា​ជា​ផ្លូវ​ការ​។
ក្រុមចម្រុះ​នោះ​បាន​បើក​យុទ្ធនាការ​ទូទាំង​ប្រទេស​ដើម្បី​នាំយក​រឿង​អាស្រូ​វ 1MDB ទៅ​កាន់​ប្រជាជន​ ជាពិសេស​នៅ​តាម​តំបន់​ជន​បទ។ ថ្នាក់ដឹកនាំ​របស់ Pakatan បាន​និង​កំពុង​ចុះ​តាម​មូល​ដ្ឋាន​ដើម្បី​និយាយ​ទៅ​កាន់​ពល​រដ្ឋ តាម​រយៈ​វេទិការសាធារណៈ ​និង​ការ​ជជែក​គ្នា​អំពី​​អំពើ​ពុក​រលួយ​ និង​ការដែល​វា​បាន​ប៉ះពាល់ដល់​ពល​រដ្ឋ​គ្រប់រូប។​
​ក្រសួង​យុត្តិធម៌​អាមេរិកបាន​ដាក់​ពាក្យ​បណ្តឹង​ជាច្រើន​ដើម្បី​​​រឹបអូសទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​​ប្រាក់​រាប់​ពាន់​លាន ringgit ដែលទ្រព្យ​សម្បត្តិ​នោះ​ត្រូវ​​​បាន​ទិញ​ឡើង​ដោយ​ប្រាក់​លួចចេញ​​ពី​ការ​វិនិយោគ​របស់​រដ្ឋ​​ ដោយ​បាន​ភ្ជាប់​លោក Najib ទៅ​នឹង​រឿង​អាស្រូវ​នោះ ដែល​រាប់​បញ្ចូល​ទាំង​​ការ​លាង​ប្រាក់​ដែល​លួច​បាន​នោះ។ ប្រាក់ដែល​កេង​ប្រវ័ញ្ចនោះ​ត្រូវ​បាន​លាងសម្អាត​តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក។ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ចោទ​ប្រកាន់ថា ប្រាក់​នោះ​ត្រូវ​បានលួច​​បង្ហូរ​ចេញ​ពី​ 1MDB ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្រួសារ​ និង​អ្នក​ក្រោម​ឱវាទ​​របស់​នាយក​រដ្ឋ​មន្ត្រី Najib ដែល​គ្រប់​គ្រង ​និង​ជា​ប្រធាន​ដល់​មូល​និធិរដ្ឋ​ ដែល​បាន​បង្កើន​ប្រាក់​បំណុល​រហូតដល់​ចំនួន ៥០ ពាន់លាន​ ringgit។
ក្នុង​ចំណោម​ទ្រព្យ​សម្បត្តិនោះ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​​ដើម្បី​រឹប​អូស​​អចលនទ្រព្យធំ​មួយនៅអាមេរិក ផ្ទាំង​គំនូរ​​កម្រៗជា​ច្រើន ទូកក្តោង​មួយ​ និង​ខ្សែករ​ដែល​មាន​ពេជ្យ​ពណ៌ផ្កាឈូក​​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ប្រពន្ធ​របស់​ “មន្ត្រី​ថ្នាក់​ម៉ាឡេស៊ី​ថ្នាក់​លេខ ១” ដែល​រដ្ឋ​មន្ត្រី​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​របស់​នាយក​រដ្ឋ​មន្ត្រី​បាន​អះអាង​ថា ជា​លោក Najib៕

ប្រភព៖ The Malaysia Insight ចុះថ្ងៃ៣១ ខែកក្កដា​ ​ឆ្នាំ២០១៧

No comments:

Post a Comment