Wednesday, August 02, 2017

រដ្ឋមន្ត្រីក្រសួងសាធារណការ​ ចុះត្រួតពិនិត្យ​ដំណើរការ​ជួសជុល​ និងសាងសង់​ផ្លូវជាតិលេខ០២​ ទាំងយប់​

នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញចុះត្រួតពិនិត្យដំណើរការជួសជុល និងសាងសង់ផ្លូវជាតិលេខ០២ ដែលកំពុងមានស្ថានភាពលំបាកធ្វើដំណើរ ដើម្បីពន្លឿនការជួសជុល និងសាងសង់ ក៏ដូចជាការត្រួតពិនិត្យគុណភាពនៃការងារសាងសង់ផងដែរ។
សូមជម្រាបថា នេះជាផ្នែកមួយនៃការអនុវត្តគោលការណ៍ របស់ក្រសួងទាក់ទងនឹងការជួសជុលនៅពេលយប់ ក្នុងគោលបំណងពន្លឿនការជួសជុល និងសាងសង់ឲ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលសព្វថ្ងៃកំពុងជួបការលំបាកក្នុងការធ្វើដំណើរ។
ជាមួយគ្នានេះផងដែរ ក្រុមវិស្វករជួសជុល និងសាងសង់ផ្លូវនេះ បានដាក់សញ្ញាចរាចរណ៍ដើម្បីបង្វែរទិសចរាចរណ៍ទៅរកចំណែកផ្លូវមានសុវត្ថិភាពក្នុងពេលការដ្ឋានកំពុងដំណើរការផងដែរ។
លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងថា បច្ចុប្បន្នដៃគូរអភិវឌ្ឍន៍ភាគីកូរ៉េ កំពុងជ្រើសរើសទីប្រឹក្សាបច្ចេកទេស ដើម្បីអាចចាប់ផ្តើមរៀបចំ Design និងជ្រើសរើសក្រុមហ៊ុនសាងសង់ ដោយដំណើរការនេះ អាចចំណាយពេល១ឆ្នាំ ទម្រាំបានអនុវត្តការសាងសង់ជាក់ស្តែង។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាប្រមាណ៥៦លានដុល្លារអាមរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ៨លានកន្លះ ដោយផ្លូវនេះមានប្រវែងសរុប៦៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់រង្វង់មូលអូរចំបក់មានប្រវែង៥៧គីឡូម៉ែត្រ និង៩គីឡូមែត្រ នៅលើផ្លូវជាតិ២២ គ្រោងក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឱ្យបាន១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល ចាប់ពីរង្វង់មូលគួស្រូវទៅទិសខាងត្បូង ប្រវែង៨គីឡូម៉ែត្រ ដោយគម្រោងសាងសង់ជាបួនគន្លង៕





No comments:

Post a Comment