Wednesday, August 02, 2017

ក្រុមការងារ និងអាជ្ញាធរដែនដីត្រូវបម្រើសេវាសាធារណៈ និងដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

កំពង់ឆ្នាំង៖ លោកឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានជំរុញឱ្យក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បម្រើសេវាសាធារណៈ និងចុះជួបបងប្អូនប្រជាពលរដ្ឋដោះស្រាយសំណូមពរដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដើម្បីឱ្យពួកគាត់បន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។

លោកឈួរ ច័ន្ទឌឿន បានជំរុញបែបនេះ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់ ខេត្ត ស្រុក ក្រុងឃុំ សង្កាត់ សរុបចំនួន៤២៣នាក់ ។

នៅក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ របស់គណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះទៅ គឺត្រូវធ្វើការពង្រឹងស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ឱ្យកាន់តែបានល្អប្រសើរជាងមុន និងត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួនក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជនដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវា និងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕





No comments:

Post a Comment