Wednesday, August 02, 2017

រដ្ឋសភាប្តេ​ជ្ញាសហ​ការជាមួយ​ដៃគូពាក់ព័ន្ធ ដើម្បីដោះ​ស្រាយឲ្យកុមារគ្រប់រូ​បមានលទ្ធភា​ព ទទួល បាន​ការអប់រំទាំងអស់គ្នា

សមាជិករដ្ឋសភាបានប្តេជ្ញា ដើម្បីដោះស្រាយឲ្យកុមារគ្រប់រូបមានលទ្ធភាពទទួលបានការអប់រំទាំងអស់គ្នា ដែលជួយឲ្យកុមារទទួលបានសិទ្ធិរៀនសូត្រ និងសិទ្ធិរស់នៅសម្រាប់អនាគត់របស់សង្គមកម្ពុជា។

ក្នុងពិធីជួបពិភាក្សារជាមួយតំណាងសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសិទ្ធិកុមារនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា លោក ហែម ខន ប្រធានស្តីទីគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសានា ធម្មការ វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានមានប្រសាសន៍ថា រដ្ឋសភា និងជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើល ដើម្បីដោះស្រាយសាលារៀន និងពង្រាយគ្រូបង្រៀនឲ្យបានដល់ទីជនបទ កសាងច្បាប់ និងគោលនយោបាយ និងច្បាប់ផ្សេងៗបន្ថែមទៀតដែលបំរើដល់ការអប់រំរបស់កុមារ។

លោកបញ្ជាក់ថា ការអប់រំកុមារគឺជាការងាររួមយើងទាំងអស់គ្នា ដែលទាមទារឲ្យមានការសហការពីរាជរដ្ឋាភិបាល រដ្ឋសភា អង្គការសង្គមស៊ីវិល អាណាព្យាបាល និងកុមារគ្រប់រូបស្របពេលដែលកម្ពុជា កំពុងបោះជំហានទៅមុខលើវិស័យអប់រំចាប់ពីកំរិតមតេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា។
លោកក៏បានស្វាគមន៍ចំពោះរបាយការណ៍ និងទទួលយករបាយការណ៍របស់សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសិទ្ធិកុមារដែលស្នើឲ្យរដ្ឋសភាជួយគិតគូពីការគាំពារកុមារក្នុងគ្រោះស្ថានសិក្សារបស់រដ្ឋ និងឯកជន និងការស្នើឲ្យការមានការវិភាជធនធានមនុស្ស សម្រាប់ការអប់រំរបស់កុមារនៅតំបន់ដាច់ស្រយាល ដើម្បីជួយដោះស្រាយតាមភាពជាក់ស្តែង។
លោក សុន ពេញ អគ្គលេខាធិការសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសិទ្ធិកុមារបានមោទនភាពខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋសភា និងការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យកុមារទាំងអស់ទទួលបានការអប់រំទាំងអស់គ្នា។
លោកបន្តថា សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ គ្រោងនឹងសុំគោលការណ៍ដើម្បីជួបជាមួយលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញពីបញ្ហាប្រឈមនានា របស់កុមារដែលក្រុមអង្គការបស់លោកបានរកឃើញ ក្នុងគោលដៅសុំការអន្តរាគមន៍ ជំរុញលើកកម្ពស់សិទ្ធិកុមារឲ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមរយបាយការណ៍ឆ្នាំ២០១៦ របស់ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា សាលាបឋមសិក្សារដ្ឋនៅទូទាំងប្រទេសមាន ចំនួន៧១៤៤ និងគ្រូបង្រៀនចំនួនជាង៤ម៉ឺន៦សែននាក់៕





No comments:

Post a Comment