Wednesday, August 02, 2017

កាកបាទក្រហមខេត្តកំពង់ស្ពឺ ប្រគល់ផ្ទះ១ខ្នងជូនស្ត្រីមេម៉ាយ​ទីទ័លក្រ​ និងសម្ពោធ​អណ្តូងទឹក​ចំនួន១៩​ ជូនប្រជាពលរដ្ឋ​ខ្វះខាតទឹ​កស្អាតប្រើប្រាស់​

កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់ឱ្យ លោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ បានចុះធ្វើពិធីប្រគល់ផ្ទះ១ខ្នង ធ្វើពីឈើ ជញ្ជាំងឥដ្ឋ ក្រាលការ៉ូ ប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ មានតសំយ៉ាប មកមុខប្រវែង ២ម៉ែត្រកន្លះ និងតផ្ទះបាយ បន្ទប់ទឹក ប្រវែង២មែត្រកន្លះ ដែលចំណាយប្រាក់ចំនួន ៥,២៣២ដុល្លា។

ផ្ទះ១ខ្នងនេះ ត្រូវបានកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ប្រគល់ជូនស្ត្រីមេម៉ាយកូនតូចម្នាក់ឈ្មោះ ណុយ ចន្នី អាយុ ២៥ឆ្នាំ រស់នៅភូមិ រស្មី ឃុំរស្មីសាមគ្គី ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងផ្តល់ជូនអំណោយមួយចំនួនទៀតរួមមាន៖ អង្ករ ៦០គីឡូក្រាម, ត្រីខ៣០កំប៉ុង, មុង៣, ភួយ៣, សារុង៣, ក្រមា៣ និងថវិកា ៥០០,០០០រៀល។

ជាមួយគ្នានោះផងដែរ កាកបាទក្រហមកម្ពុជា បានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន ១៩ (មានលេខរៀងពីទី ០៤២ ដល់ទី ០៦០) ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន៤១៨ គ្រួសារស្មើនឹងមនុស្ស ២០៩៩នាក់ រស់នៅភូមិចំនួន៤ ឃុំ៤គឺ ឃុំសង្កែសាទប ចំនួន០៩, ជួសជុល០១, ឃុំតាសាល ចំនួន០៣, ឃុំត្រពាំងជោ ចំនួន០៥ និងឃុំរស្មីសាមគ្គី ចំនួន០១ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានសន្យាផ្តល់ជូនស្រុកឱរ៉ាល់តាំងពីថ្ងៃទី១១ ខែមិនា កន្លងមក។

ទន្ទឹមនឹងនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានចែកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង គ្រួសារទីទ័លក្រ និងគ្រួសារជនពិការចំនួន ៤៦៤គ្រួសារ មកពីភូមិចំនួន៣ នៃឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ដែលគ្រួសារនីមួយៗទទួលបាន អង្ករ៣០គីឡូក្រាម, មី០១កេស, ត្រីខ១០កំប៉ុង, ឃីតចំនួន០១, ដែលលមាន សារុង០១, ក្រមា០១, មុង ០១, ភួយ០១, ចំណែក លោកតា លោកយាយជរា ជនពិការ មេម៉ាយ បានទទួលនូវថវិកា មួយចំនួន និងប្រគេនបច្ច័យព្រះចៅអធិការវត្តធម្មត្រ័យ ចំនួន ៣០០,០០០រៀល ផងដែរ។

នាឱកាសនោះ ប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕









No comments:

Post a Comment