នាពេលថ្មីៗនេះ សមាគមមគ្គុទ្ទេសក៍ខ្មែរអង្គរមួយក្រុមបានធ្វើដំណើរមកកាន់ការដ្ឋានកំណាយស្ថានីយ៍ស្លដែកបុរាណមួយ
ដែលរកឃើញនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ស្ថិតក្នុងតំបន់ការពារទី២នៃរមណីយដ្ឋានអង្គរ។
នេះជាស្ថានីយលោហកម្មបុរាណដែលប្រទះឃើញមុនគេបង្អស់នៅក្នុងតំបន់អង្គរ។
ការមកទស្សនកិច្ចនៅទីនេះ
គឺដើម្បីស្វែងយល់ពីអំពីសារៈសំខាន់នៃលោហៈសម្រាប់ការប្រើប្រាស់នៅរាជធានីអង្គរ
ព្រមទាំងពិចារណាទ្បើងវិញអំពីប្រភពផ្គត់ផ្គង់លោហៈដល់អង្គរ។
តាមរយៈលទ្ធផលដែលរកឃើញក្នុងការដ្ឋានកំណាយ
គឺជាភស្តុតាងដ៏សំខាន់សម្រាប់សិក្សាអំពីវិសាលភាពនៃទីតាំងផលិតលោហៈ ព្រមទាំងពិនិត្យមើលរចនាសម្ព័ន្ធនៃចង្ក្រានស្លដែក
ក្នុងជាស្ថានីយលោហកម្មបុរាណដែលប្រទះឃើញមុនគេបង្អស់នៅក្នុងតំបន់អង្គរ
ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មគ្គុទ្ទេសក៍លើផ្នែកអភិរក្សនិងវិស័យទេសចរណ៍។
លោក អៀង ប៉ោហេង
មកពីសមាគមមគ្គុទ្ទេសក៍ខ្មែរអង្គរផ្នែកភាសាអង់គ្លេស បានលើកឡើងថា
នេះជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលជាខ្លាំងដែលបានទទួលការអញ្ជើញពីអ្នកជំនាញមកកាន់ស្ថានីយ៍កំណាយនេះ
ដើម្បីស្តាប់បទបង្ហាញនិងស្វែងយល់ដោយផ្ទាល់ពីរបកគំហើញថ្មីនៃការស្លដែកពីសម័យបុរាណ។
លោកចាប់អារម្មណ៍បំផុត គឺស្ថានីយនេះ ជាកន្លែងផលិតលោហៈបុរាណ ដែលប្រទះឃើញដំបូងបង្អស់នៅក្នុងតំបន់អង្គរ
អស់រយៈពេល១៥០ឆ្នាំក្រោយពីការផ្តើមការស្រាវជ្រាវអំពីអង្គរ។
ភស្តុតាងដែលបានរកឃើញជាអំណះអំណាងបន្ថែមសម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹងពីភាពអស្ចារ្យរបស់អាណាចក្រខ្មែរអង្គរ
ដែលសាងសង់ប្រាសាទបានជាច្រើនដោយប្រើថ្មធំៗ ថាតើគាត់មានអ្វីកាត់ថ្ម គ្រឿងលើកដាក់ថ្ម
ពិសេសគឺជំនាញ បច្ចេកទេសស្លដែក និងការផលិតសព្វាវុធការពារក្រុងអង្គរ។ លោកបន្តទៀតថា
ក្នុងនាមជាមគ្គុទ្ទេសក៍ម្នាក់
យើងត្រូវដឹងឱ្យច្បាស់និងឱ្យច្រើនពីតំបន់ទេសចរណ៍របស់យើង ទាំងប្រវត្តិសាស្ត្រ
ភូមិសាស្ត្រ វប្បធម៌ប្រពៃណី បុរាណវិទ្យា និងរឿងផ្សេងៗទៀតដើម្បីនិយាយជូនភ្ញៀវស្តាប់។
លោកក៏សូមចូលរួមអបអរចំពោះលទ្ធផលកំណាយស្រាវជ្រាវដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា
និងចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីព័ត៌មាននេះទៅកាន់ទេសចរឱ្យបានទូលំទូលាយ។
លោកក៏សំណូមពរម្ចាស់ស្រែនិងអ្នកមានសមត្ថកិច្ច
សូមឱ្យរក្សាកន្លែងនេះទុកដើម្បីនាំទេសចរមកទស្សនា
ដែលបង្កើតការងារដល់អ្នកស្រុកតំបន់នេះតាមរយៈការលក់ដូរផងដែរ។
លោក ជុំ ដាលីន
ដែលមកពីសមាគមមគ្គុទ្ទេសក៍ខ្មែរអង្គរផ្នែកភាសាអង់គ្លេសដូចគ្នានោះ ក៏បន្ថែមទៀតថា
នេះជាការរកឃើញថ្មីមួយដ៏គួរឱ្យរីករាយចំពោះភស្តុតាងនេះ។
លោកសូមគាំទ្រទាំងស្រុងចំពោះកិច្ចការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា
ដែលបានជួយលាតត្រដាងពីការរកឃើញថ្មីៗនៅក្នុងតំបន់អង្គរ
ដើម្បីរួមចំណែកអភិរក្សនិងលើកស្ទួយវិស័យទេសចរណ៍។
លោកចង់ឱ្យអភិរក្សទីនេះទៅជាសារមន្ទីរ ដើម្បីក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀត
ដែលអាចពន្យារពេលទេសចរឱ្យស្នាក់នៅទីនេះបានយូរ នោះប្រាក់ចំណូលដល់ប្រជាជននិងប្រទេសក៏បានល្អប្រសើរដែរ។
លោកជឿជាក់ថា ទីនេះនឹងមានភ្ញៀវមកទស្សនាច្រើន
ព្រោះទេសចរក្រៅពីចូលចិត្តទស្សនារមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រហើយនោះ
ពួកគេក៏ចូលចិត្តស្វែងយល់ពីតំបន់បុរាណវិទ្យា របកគំហើញថ្មីៗដែរ
ណាមួយទីតាំងភូមិសាស្ត្រនេះក៏ជាប់នឹងប្រាសាទចៅស្រីវិបុលនិងផ្លូវទៅភ្នំគូលែនទៀតផង។
គួរបញ្ជាក់ផងដែរថា
ស្ថានីយស្លដែកបុរាណមួយនេះត្រូវបានក្រុមស្រាវជ្រាវអាជ្ញាធរជាតិអប្សរាដឹកនាំដោយលោក
អ៊ឹម សុខរិទ្ធី បើកកំណាយស្រាវជ្រាវជាលើកទី២រយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី២៣ ខែមករា
ឆ្នាំ២០១៧ ហើយចំពោះលទ្ធផលដែលបានរកឃើញពីការកំណាយនេះនឹងត្រូវបានបង្ហាញជាសាធារណៈបន្ទាប់ពីបញ្ចប់ការកំណាយជាស្ថាពរ៕
No comments:
Post a Comment