Wednesday, February 01, 2017

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ភរិយាលោកនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន ប្រគល់អណ្តូងទឹកស្អាតចំនួន ២០ ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៧៧គ្រួសារ

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជាដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ភរិយាលោកនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកាកបាទក្រហមបានប្រគល់អណ្តូងទឹកស្អាតចំនួន ២០ ( មានលេខរៀងពីទី៥១ ដល់ ទី៧០ ) ជូនប្រជាជនខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៧៧គ្រួសារ ស្មើនឹងមនុស្ស ២,១៨២នាក់ រស់នៅឃុំចំនួន៧ នៃស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងឱកាសប្រគល់អណ្តូងទឹកទាំងនោះលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជាបានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់លោកស្រីប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងសង្គមជាតិ និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយជៀសវាងឱ្យបានដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខ។
ទន្ទឹមនឹងនេះ សូមថែរក្សាសុខភាពឱ្យបានល្អដោយត្រូវបរិភោគទឹកដាំពុះហើយចូលរួមដាំដំណាំ ឬបន្លែផ្សេងៗ ជុំវិញអណ្តូងដើម្បីជាប្រយោជន៍ដល់សហគមន៍ និងថែរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្សយូរអង្វែង។
ជាកិច្ចឆ្លើយតបប្រជាជន អាណាព្យាបាល និងសិស្សានុសិស្ស បានសម្ដែងនូវការដឹងគុណដោយក្តីរំភើប និងថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងនេះ និងសូមប្តេជ្ញាខិតខំថែរក្សារាល់សមិទ្ធផលទាំងនេះឱ្យ បានជាប្រយោជន៍ដ៏យូរអង្វែងទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ ២០១៦ កាកបាទក្រហមកម្ពុជាបានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ក្នុងនោះបានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានចំនួនរាប់ពាន់ ហើយបាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕

No comments:

Post a Comment