Wednesday, February 01, 2017

ក្រុមការងារសហគន៍អាជ្ញាធរជាតិអប្សរា បន្តចុះលើកកម្ពស់សុខមាលភាពម្តាយ និងទារកដល់ស្រ្តីក្នុងតំបន់អង្គរ

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា ប្រចាំក្រុងសៀមរាប ដឹកនាំដោយលោក តាន់ សំប៊ុន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមន្រ្តីបុគ្គលិកមួយចំនួនទៀត បានចុះយកកញ្ចប់ទ្រទ្រង់សុខមាលភាពម្តាយ និងទារក ទៅចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួច ចំនួន៣៦គ្រួសារ កំពុងរស់នៅក្នុងសង្កាត់អំពិល ។ ពិធីចែកជូននេះ ត្រូវបានធ្វើឡើងនៅក្នុងសាលាឆទាន ភូមិត្រពាំងរុន សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន រួមនិងប្រជាពលរដ្ឋប្រមាណ៥០នាក់។
មានប្រសាសន៍ក្នុងពិធីនោះ លោក តាន់ សំប៊ុន បានណែនាំឱ្យបងប្អូនជាស្រ្តីទាំងអស់ដែលមានកូនខ្ចី ត្រូវចេះយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួន និងកូនឱ្យបានល្អដើម្បីកុំឱ្យមានជំងឺដង្កាត់ផ្សេងៗ ចូលមកបៀតបៀន យាយីបាន ហើយបើក្នុងករណីខ្លួនឯង ឬកូនមានបញ្ហាសុខភាពត្រូវប្រញាប់ប្រញាល់ទៅជួប និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឱ្យទាន់ពេលវេលា។
លោក ព្រៀន ប្រប អនុប្រធានភូមិគិរីមានន្ទ តំណាងស្រ្តីកូនខ្ចីបានសម្តែងនូវចិត្តសប្បាយរីករាយ និងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា ជាពិសេសលោកបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរឱ្យលោកមន្ត្រីបុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងសម្រេចជោគជ័យគ្រប់ភារៈកិច្ច។
សូមបញ្ជាក់ថា កញ្ចប់ទ្រទ្រង់សុខមាលភាពម្តាយ និងទារកដែលបានផ្តល់ជូននៅពេលនេះរួមមាន កន្រ្តក បំពង់ទឹកក្តៅ កន្សែងពោះគោ កូនមុង ស្រោមដៃ ស្រោមជើង ខោអាវទារក រួមនិងថវិកាមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី៕


No comments:

Post a Comment