Wednesday, February 01, 2017

កម្ពុជា-កូរ៉េ ចុះហត្ថលេខាលើឯកសារសំខាន់ចំនួនពីរ ស្តីពីការផ្តល់ឥណទានសម្បទាន

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើ «កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច» និង «កិច្ចសម្របសម្រួល ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨» នៅទីស្តីការក្រសួង។
ពិធីចុះហត្ថលេខានោះ ក្រោមអធិបតីលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក គីម វ៉នជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា ពិធីចុះហត្ថលេខានោះ លើឯកសារសំខាន់ចំនួនពីរ គឺ៖ ១- កិច្ចសម្របសម្រួលក្របខ័ណ្ឌ «ស្តីពីការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៦ ដល់ ២០១៨» ដែលមានទឹកប្រាក់ចំនួន៣៥០ លានដុល្លារអាមេរិក និង ២- កិច្ចសម្របសម្រួល «ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨» ដែលមានទឹកប្រាក់ចំនួន ៦៧.៤៣៤.០០០ ដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា មូលនិធិកិច្ចសម្របសម្រួលក្របខ័ណ្ឌនេះនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក។ គួរកត់សំគាល់ជាសំខាន់ថា កិច្ចសម្របសម្រួលក្របខ័ណ្ឌនេះ គឺមានភាពស្របគ្នាយ៉ាងល្អជាមួយវិស័យអាទិភាពនានា ដូចដែលបានកំណត់ឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។ ចំពោះការសម្របសម្រួលដ៏ទៃផ្សេងទៀត គម្រោង នឹងត្រូវប្រើប្រាស់ដើម្បីធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤៨ ដែលលាតសន្ធឹងពីស្រុកស្រែអំបិលទៅកាន់ខេត្តកោះកុង។ ការធ្វើឱ្យប្រសើរឡើងនេះ នឹងសម្រួលថែមទៀតដល់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាទំនិញនៅតំបន់ភាគខាងត្បូង នៃប្រទេសកម្ពុជា។
លោក ប្រាក់ សុខុន ក៏បញ្ជាក់ផងដែរថា ប្រាក់កម្ចី នៃកិច្ចសម្របសម្រួលរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៦ ដល់២០១៨ មានកំណើនលើសពីរដង ពីកិច្ចសម្របសម្រួលក្របខ័ណ្ឌកន្លងមក (២០១៣-២០១៦) ដែលមានចំនួន២០០លានដុល្លារអាមេរិក។ ការកើនឡើងនេះគឺជាសក្ខីកម្មនៃការបន្តប្តេជ្ញាចិត្ត និងការគាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងដល់សុខមាលភាពប្រជាជន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០១ ដល់ ២០១៦ សាធារណរដ្ឋកូរ៉េបានផ្តល់ប្រាក់កម្ចីពី មូលនិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដល់កម្ពុជាមានចំនួនប្រហែល ៥៣៥លានដុល្លារអាមេរិក  សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន១៧។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានថ្លែងថា ឆ្នាំនេះ ប្រទេសទាំងពីរ នឹងប្រារព្វខួបអនុស្សាវរីយ៌លើកទី២០នៃទំនាក់ទំនងការទូត ជាមួយកិច្ចប្រឹងប្រែងរួម យើងអាចពង្រឹងថែមទៀតនូវទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការផ្លែផ្កាសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេស និងប្រជាជនប្រទេសទាំងពីរ៕

No comments:

Post a Comment