Wednesday, February 01, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបកំណើតឈានចូល ៧២ឆ្នាំ

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតជូនពរ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ ឆ្នាំ។
នៅក្នុងឱកាសដ៏ថ្លៃថ្លា នៃបុណ្យខួបកំណើតគម្រប់៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ របស់ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ តាងនាមសមាជិក សមាជិកានៃរដ្ឋាភិបាល និងមន្រ្តីរាជការទូទាំងប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយា សូមសម្តែងនូវអំណរសាទរឥតឧបមា ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងសូមចូលរួមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ភិរយា និងក្រុមគ្រួសារ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរប្រធានព្រឹទ្ធសភា សូមបានសមប្រកបដោយកាយពលរឹងមាំ បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូរណ៌ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាដែលជាស្ថាប័នកំពូលនៃប្រទេសកម្ពុជា ឱ្យទទួលបានជ័យជម្នះថ្មីៗធំធេងថែមទៀត ក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមចំណែកក្នុងការស្តារ អភិវឌ្ឍន៍ និងកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីធ្វើឱ្យមាតុភូមិអង្គរ ជាទីស្នេហានៃយើងទាំងអស់គ្នា មានការអភិវឌ្ឍរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋគ្រប់រូប៕

No comments:

Post a Comment