Wednesday, February 01, 2017

ការដំឡើងថ្លៃលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរនឹងចាប់ផ្ដើមអនុវត្តន៍ ជាផ្លូវការនៅថ្ងៃទី០១ ខែកុម្ភៈនេះ

ភ្នំពេញ៖ មន្ត្រីគ្រឹះស្ថានអង្គរបានបញ្ជាក់ថា ការអនុវត្តការដំឡើងថ្លៃ លក់ប័ណ្ណ ចូល ទស្សនារមណីយដ្ឋានអង្គរ នឹងត្រូវចាប់ផ្តើមចាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះតទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើឡើងនៅគ្រឹះស្ថានអង្គរ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧កន្លងទៅបានឱ្យដឹងថា គ្រឹះស្ថានអង្គរ ដែលជាសហគ្រាសសាធារណៈរបស់រដ្ឋទទួលសិទ្ធិ គ្រប់គ្រង់ការលក់សំបុត្រ ចូលទស្សនាតំបន់អង្គរ បានបញ្ជាក់ជូនសាធារណជនជាតិ អន្តរជាតិ ប្រតិបត្តិករ ទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរទាំងអស់ថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃប័ណ្ណ សម្រាប់ភ្ញៀវ បរទេសចូលទស្សនារមណីយដ្ឋានអង្គរ ចាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះតទៅ ដោយប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងមាន សុពលភាព១០ថ្ងៃ។ ចំពោះប្រភេទប័ណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ និងមានសុពលភាព ១ខែ ដែលតម្លៃចាស់ ២០ដុល្លារ ចូលទស្សនា បាន១ថ្ងៃ, តម្លៃ៤០ដុល្លារ មានរយៈពេល១សប្តាហ៍ ចូលទស្សនាបាន៣ដង, និងប័ណ្ណតម្លៃ៦០ដុល្លារ មានរយៈពេល១ខែ ចូលទស្សនា បាន៧ដង។

ជាមួយគ្នានេះ នៅក្នុងតម្លៃប័ណ្ណថ្មីចូលទស្សនាទាំង៣ប្រភេទខាងលើនេះ ត្រូវដកចំនួន២ ដុល្លារ សម្រាប់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយក្នុងការ ព្យាបាលជំងឺ ដល់កុមារក្រីក្រកម្ពុជា ដែលនេះគឺជាការចូលរួមចំណែក ដោយផ្ទាល់ពី ភ្ញៀវទេសចរបរទេស ក្នុងការចូលរួមជួយព្យាបាលជំងឺ ដល់កុមារក្រីក្រកម្ពុជាផងដែរ។

លោកស្រី Carrol Sahaidak-Beaver អគ្គលេខាធិការសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងថា ការដំឡើងតម្លៃសំបុត្រនេះ នឹងមិនធ្វើឱ្យប៉ះពាល់ខ្លាំងលើចំនួនភ្ញៀវទេសចរនោះទេ ដែលរួមមានទាំងការដំឡើងថ្លៃសំបុត្រសម្រាប់ទស្សនាទីតាំងទេសចរណ៍ ផ្សេងទៀតផងដែរ ព្រោះថា អំឡុងពេលកាន់តែវែង នៃការកែតម្រូវនេះ នឹងបានជួយដល់ ការផ្លាស់ប្តូរពីតម្លៃសំបុត្រចាស់ ទៅជាតម្លៃថ្មី។

គួរបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ ទៅឲ្យភ្ញៀវទេសចរបរទេសចំនួន ២.១៩៧.២៥៤ នាក់ កើនឡើង៤,៦៣ភាគរយ ប្រមូលចំណូលបាន ៦២.៥៨២.២០០ដុល្លារអាម៉េរិក កើនឡើង៤,២១ភាគរយ បើធៀបនឹងឆ្នាំ២០១៥៕

ប្រភពពី akp



No comments:

Post a Comment