Tuesday, December 26, 2017

ចិន និងរុស្ស៊ីជំទាស់នឹងការរិះគន់របស់អង្គសហប្រជាជាតិលើមីយ៉ាន់ម៉ា ស្តីពីជនរ៉ូហ៊ីងយ៉ា

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យទី២៤ ខែធ្នូ បានជំរុញឲ្យមីយ៉ាន់ម៉ាបញ្ចប់យុទ្ធនាការយោធាប្រឆាំងនឹងពួករ៉ូហ៊ីងយ៉ាកាន់សាសនាម៉ូស្លីម ហើយបានអំពាវនាវឲ្យមានការតែងតាំងបេសកជនពិសេសមួយរបស់អង្គការសហប្រជាជាតិ ទោះបី ជាមានការប្រឆាំងពីចិន រុស្ស៊ី និងបណ្តាប្រទេសក្នុងតំបន់ក៏ដោយ។ សេចក្តីសម្រេចដែលដាក់ដោយអង្គការសហប្រតិបត្តិការឥស្លាម (OIC) ត្រូវបានអនុម័តដោយសំឡេងឆ្នោត ១២២ ទល់ ១០ ដោយមានអនុប្បវាទ ២៤ សំឡេង។

ប្រទេសចិន រុស្ស៊ី កម្ពុជា ឡាវ ហ្វីលីពីន និងវៀតណាមបានចូលរួមជាមួយមីយ៉ាន់ម៉ាក្នុងការបោះឆ្នោតប្រឆាំងនឹងវិធានការនេះដូចប្រទេស បេឡារ៉ុស ស៊ីរី និងស៊ីមបាវ៉េដែរ។ សេចក្តីសម្រេចនេះអំពាវនាវឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចូលសម្រាប់អ្នកធ្វើការផ្តល់ជំនួយ     ហើយធានានូវការវិលត្រឡប់មកវិញនូវជនភៀសខ្លួនទាំងអស់ និងផ្តល់សិទ្ធិជាពលរដ្ឋពេញលេញដល់ជនរ៉ូហ៊ីងយ៉ា។

សេចក្តីសម្រេចនេះក៏បានស្នើឲ្យអគ្គលេខាធិការលោក Antonio Guterres តែងតាំងបេសកជនពិសេសប្រចាំ មីយ៉ាន់ម៉ា។ វិធានការនេះត្រូវបានអនុម័តដោយសភា បន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកថវិការបស់ខ្លួនបានផ្តល់ភ្លើងខៀវ ដើម្បីផ្តល់មូលនិធិសម្រាប់តំណែងថ្មីរបស់បេសកជនពិសេសអង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ា។ ជនរ៉ូហ៊ីងយ៉ាកាន់សាសនាម៉ូស្លីមជាង ៦៥០,០០០ នាក់បានភៀសខ្លួនចេញពីប្រទេសដែលកាន់សាសនាព្រះពុទ្ធ ចាប់តាំងពីប្រតិបត្តិការយោធាបានចាប់ផ្តើមនៅរដ្ឋ Rakhine កាលពីចុងខែសីហា។

អាជ្ញាធរមីយ៉ាន់ម៉ាបានទទូចថា យុទ្ធនាការនេះមានគោលបំណងបោសសម្អាតក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលបានវាយប្រហារប៉ុស្តិ៍ប៉ូលិសនៅថ្ងៃទី ២៥ ខែសីហា ប៉ុន្តែអង្គការសហប្រជាជាតិបាននិយាយថា អំពើហិង្សាគឺស្មើនឹងការបោសសម្អាតជនជាតិភាគតិច។ កាលពីសប្តាហ៍មុន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសម្រាប់ មីយ៉ាន់ម៉ាលោកស្រី Yanghee Lee បាននិយាយថា លោកស្រីត្រូវបានហាមឃាត់ចូលប្រទេសមីយ៉ាន់ម៉ា ហើយថា រដ្ឋាភិបាលបានកាត់ផ្តាច់កិច្ចសហប្រតិបត្តិការទាំងអស់ជាមួយលោកស្រី៕

(ប្រភព: AFP ចុះថ្ងៃទី២៥ ខែធ្នូ​​ ឆ្នាំ២០១៧)


No comments:

Post a Comment