Tuesday, December 26, 2017

ACU៖ មានតែអតីតតំណាងរាស្រ្ត និងអតីតសមាជិកក្រុមប្រឹក្សា CNRP ៦៨៦រូបប៉ុណ្ណោះ បានប្រកាសទ្រព្យសម្បត្តិ

គិតត្រឹមល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ មានអតីតតំណាងរាស្រ្ត និងអតីតសមា​ជិក របស់អតីតគណបក្សសង្រ្គោះជាតិ ចំ​នួន៦៨៦រូបប៉ុណ្ណោះ ដែលបានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោយពេលគណបក្សរបស់ពួកគេត្រូវបានរំលាយ។ សេចក្តីប្រកាសរប​ស់អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលចូលប្រកាសទ្រព្យសម្បត្តិ ៦៨៦រូបនោះរួមមាន តំណាងរាស្ត្រ ចំនួន៤០រូប និងទីប្រឹក្សា ជំនួយ ការ៣១រូប សរុបចំនួន៧១រូប, សមាជិក គ.ជ.ប ចំនួន៣រូប, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ចំនួន៦១២រូប។ ដោយឡែកសម្រាប់ថ្ងៃទី២៥ ខែធ្នូ មានតែអតីតសមាជិកក្រុមប្រឹក្សាអតីតគណបក្សសង្រ្គោះជាតិ ៣រូបប៉ុណ្ណោះ ដែលបានចូលប្រកាសទ្រព្យសម្បត្តិ។



អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអំពាវនាវដល់ អតីតថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្រ្គោះជាតិ ដែលជាប់កាតព្វកិច្ចទាំងអស់ រួសរាន់ទៅបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំពុលរបស់ខ្លួន ក្នុងរយៈពេល៣០ថ្ងៃ។



គួរបញ្ជាក់ថា យោងតាមច្បាប់ប្រឆាំងអំពើពុករលួយ បានចែងថា ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ណាមួយដែលត្រូវបានបញ្ចប់ការងាររបស់ខ្លួន ត្រូវតែប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនម្តងទៀត ជាលើកចុងក្រោយ ក្នុងរយៈពេល៣០ថ្ងៃ ហើយប្រសិនបើអតីតតំណាងរាស្ត្រ ក្រុមប្រឹក្សា រាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ណាមិនព្រមចូលខ្លួនប្រ​កាសទ្រព្យសម្បត្តិ នឹងប្រឈមការជាប់ពន្ធនាគាររយៈពេល១ខែ តាមច្បាប់ប្រឆាំងអំពើពុករលួយ៕


No comments:

Post a Comment