Tuesday, December 26, 2017

សមាគមជប៉ុនដែលមានសមាជិកជាង ១ពាន់ក្រុមហ៊ុន ជំរុញឱ្យយុវជនកម្ពុជាធ្វើកម្មសិក្សានៅទីក្រុងអ៊ីណូយ៉ាម៉ាក់ឱ្យបានច្រើន

លោក ហីប៊ីណុ រីអូតារ៉ូ ប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់នៃប្រទេសជប៉ុន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅបន្តការសិក្សា និងបម្រើការងារនៅទីក្រុងអ៊ីណូយ៉ាម៉ាក់ឱ្យបានកាន់តែច្រើន ពីព្រោះទីនោះជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍ ពិសេសសម្បូរការងារធ្វើថែមទាំងសម្បូរសាកលវិទ្យាល័យល្បីៗធំៗទៀតផង។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ នាថ្ងៃចន្ទ ៨កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ នៅទីស្ដីការក្រសួងការងារ។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន កាន់តែត្រូវបានពង្រឹង និងពង្រីកយ៉ាងទំលូទំលាយ និងរឹងមាំដែលមិនត្រឹមតែថ្នាក់ជាតិប៉ុណ្ណោះទេ សូម្បីថ្នាក់ខេត្ត និងរវាងប្រជាជន និងប្រជាជនក៏កាន់តែពង្រីកថែមទៀតដែរ។ ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធនេះហើយ ទើបសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ មានបំណងជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងធ្វើកម្មសិក្សានៅប្រទេសជប៉ុនឱ្យបានច្រើនថែមទៀត ពិសេសក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះតែម្ដង។

លោករដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍បន្តថា សមាគមសភាពាណិជ្ជកម្មខេត្តអ៊ីណូយ៉ាម៉ាក់នេះមានសមាជិកជាង ១,០០០ក្រុមហ៊ុន។ ចំណែកនៅក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះទៀតសោត មានសាកលវិទ្យាល័យល្បីៗធំៗច្រើនផងដែរ ដែលទទួលបណ្ដុះបណ្ដាលនិស្សិតទៅលើគ្រប់ជំនាញ ចាប់ពីកម្រិតឧត្តមសិក្សាឡើង។ ពួកគេអាចសិក្សាបណ្ដើរធ្វើការរកប្រាក់ចំណូលបណ្ដើរក្នុងមួយថ្ងៃអាចធ្វើការបានរហូតដល់ ២៨ម៉ោង ហើយក្នុងមួយខែៗ ពួកគេអាចរកប្រាក់ចំណូលបានចាប់ពីជាង១ពាន់ដុល្លារឡើងទៅ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាឱកាសដ៏ប្រសើរសម្រាប់យុវជនកម្ពុជា ដែលមានបំណងចង់ស្វែងរកការងារធ្វើនៅប្រទេសជប៉ុន ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែមុននឹងទៅធ្វើការនៅប្រទេសជប៉ុន ចាំបាច់ត្រូវចេះភាសាជប៉ុនក្នុងកម្រិតណាមួយជាមុនសិន ដែលអាចសិក្សាបាននៅកម្ពុជា និងមានការប្រឡងធ្វើតេស្តជាមុន។ ដំណឹងនេះ ក៏ជាការផ្ដល់ឱកាសដល់ទីភ្នាក់ងារនានា ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីនៅខេត្តអ៊ីណូយ៉ាម៉ាក់ពីកម្ពុជាផងដែរ។ ចំពោះចំនួនកំណត់កម្មសិក្សាការីកម្ពុជាទៅប្រទេសជប៉ុនយ៉ាងណានោះមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពោលគឺធ្វើទៅតាមស្ថានភាពជាក់ស្ដែង៕









No comments:

Post a Comment