Tuesday, December 26, 2017

សមាជិកអតីតគណបក្សសង្គ្រោះជាតិនៅឃុំដូង ស្រុកបាទី ចំនួន​ ៣២៧នាក់​ ស្ម័គ្រចិត្ត​ចូលរួមរស់​ជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជា​

តាកែវ៖ សមាជិកអតីតគណបក្សសង្គ្រោះជាតិនៅឃុំដូង ស្រុកបាទី ចំនួន ៣២៧នាក់ ស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានធ្វើពិធីប្រកាសជាផ្លូវការនៅថ្ងៃច័ន្ទ ០៨កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការបក្សឃុំ ក្រោមអធិបតីភាពលោក ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។

ក្រោយពីបានទទួលសេចក្តីសម្រេចបញ្ចូលជាផ្លូវការរួចមកតំណាងសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានឡើងបង្ហាញប្តេជ្ញាចិត្តស្មោះស្ម័គ្រជាមួយគណបក្ស និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់បក្សដើម្បីប្រយោជន៍ជាតិ និងប្រជាជន។

តំណាងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលស្គាល់ជាផ្លូវការថ្មីនេះក៏បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការយល់ខុសរបស់ខ្លួនដោយបានទៅរួមរស់ជាមួយគណបក្សដទៃដែលគ្មានមនសិកាស្នេហាជាតិ និងប្រជាជនពិតប្រាកដ។

ថ្លែងក្នុងឱកាសនោះ លោក ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ចំពោះសមាជិកថ្មីដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ឡាយ វណ្ណៈ បានបន្ថែមថា ពីមុនបងប្អូនបានគិតខុសជឿលើការញុះញុងបំបែកបំបាក់ពីសំណាក់ជនអគតិមួយចំនួនដើម្បីតែនយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួន ប៉ុន្តែពេលនេះបងប្អូនបានត្រឡប់មកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញហើយ ដែលនេះគឺជាការបង្ហាញពីការរួបរួមគ្នាឡើងវិញ ក្នុងមហាគ្រួសារខ្មែរ ហើយបើមានការរួបរួមគ្នា ខ្មែរយើងនឹងអភិវឌ្ឍន៍ឆ្ពោះទៅមុខកាន់តែលឿន ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា៕




No comments:

Post a Comment