Wednesday, February 15, 2017

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ៖ ខ្យល់ព្យុះកន្ទ្រាក់ និងរន្ទះបាញ់ បានសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិ គួរឱ្យព្រួយបារម្ភ

នៅព្រឹកថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានលើកឡើងថា ក្នុងឆ្នាំ២០១៦ មានបញ្ហាគ្រោះធម្មជាតិជាច្រើន បានកើតឡើង នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ក្នុងនោះមានដូចជា បញ្ហាកង្វះទឹកប្រើប្រាស់ គ្រោះទឹកជំនន់ រំជួយដី ខ្យល់ព្យុះកន្ទ្រាក់ រន្ទះបាញ់ និងគ្រោះធម្មជាតិជាច្រើនទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ ខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងបាត់បង់អាយុជីវិត មនុស្ស សត្វ ជាបន្តបន្ទាប់។
ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្ដីពីការគ្រប់គ្រងគ្រោះមហន្ដរាយ ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ នៅសណ្ឋាគាកាំបូឌីយ៉ាណា ក្នុងរាជាធានីភ្នំពេញ លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្ដីទទួលបន្ទុក អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានមានប្រសាសន៍ថា គ្រោះធម្មជាតិដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុកាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ ខេត្ដចំនួន២០ ប្រឈមការខ្វះខាតទឹក ដែលតម្រូវឱ្យមានការចូលរួមឆ្លើយតបសង្គ្រោះបន្ទាន់ និងខេត្ដចំនួន៥ មានស្ថានភាពធ្ងន់ធ្ងរជាងគេដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្ដរមានជ័យ និងស្វាយរៀង។ ក្រៅពីនោះ ទិដ្ឋភាពជារួមមួយ បានកើតស្ទើតែពេញផ្ទៃប្រទេស គឺបញ្ហាខ្យល់ព្យុះកន្ទ្រាក់ និង រន្ទះបាញ់ បានបង្ករឱ្យមានមនុស្ស សត្វ ស្លាប់ និងរហួសជាហូរហែគួរឱ្យព្រួយបារម្ភ។
លោកទេសរដ្ឋមន្រ្តីបន្ដទៀតថា ដោយសារបញ្ហាខាងលើនេះ មានបណ្តាខេត្តនៅជុំវិញ បឹងទន្លេសាប បានទទួលរងផលប៉ះពាល់ និងខូចខាតទ្រព្យសម្បត្តិ រួមទាំងអាយុជីវិត ដោយសារឥទ្ធិពលសម្ពាធទាប បង្ករឱ្យមានជាខ្យល់កន្ទ្រាក់ ជាក់ស្តែង នៅឆ្នាំ២០១៦ បានកើតមានចំនួន២៧៩លើក ធ្វើឱ្យរលំផ្ទះ ខូចខាតធ្ងន់ធ្ងរចំនួន ១៩៩៧ខ្នង ខូចខាតំធ្យម ៨,១៤៧ខ្នង សាលារៀន៤១អគារ បាក់ដើមកៅស៊ូជាង ៤០០ហិកតា និងមានមនុស្ស ស្លាប់២១នាក់ ដោយសាររលំផ្ទះ និងបាក់ដើមឈើសង្កត់ ។
ចំណែកឯគ្រោះថ្នាក់ដោយសាររន្ទះបាញ់វិញ លោកបានឱ្យដឹងថា ក្នុងឆ្នាំ២០១៦កន្លងមក បានកើតមានចំនួន ១៥៤លើក បានបង្ករឱ្យមានមនុស្សស្លាប់ចំនួន ១០៨នាក់ ស្រី្ត ២១នាក់ រងរបួស ១០៥នាក់ ងាប់សត្វពាហនៈ ៨០ក្បាល ខូចខាតផ្ទះ៩ខ្នង និងសម្បត្តិសាធារណៈមួយចំនួនទៀត។
យ៉ាងណា លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះគ្រោះធម្មជាតិទាំងអស់នោះថា វាអាចនឹងកើតមានជាបន្តសម្រាប់ឆ្នាំនេះ និងឆ្នាំខាងមុខៗទៀត ដែលទាមទាឱ្យប្រជាពលរដ្ឋ មានការយល់ដឹង និងវិធានការការពារ ទប់ស្កាត់ និងគ្រោះធម្មជាតិ ដែលអាចកើតមានជាយថាហេតុ ក្នុងតំបន់ដែលខ្លួនរស់នៅ បើទោះជារាជរដ្ឋាភិបាល មានការគិតគូរ យ៉ាងណាក៏ដោយ ក៏ត្រូវតែមានការចូលរួម និងយល់ដឹងឱ្យបានគ្រប់ៗគ្នាផងដែរ៕



No comments:

Post a Comment