Wednesday, February 15, 2017

រដ្ឋមន្ត្រី​ពាណិជ្ជក​ម្ម៖ កម្ពុជា​ជាប្រទេស​បើកចំហរ​ជាមួយគោលន​យោបាយ លើក​ទឹកចិត្ត​ប្រសើរបំផុត​

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនធុរជនជាតិ និងអន្តរជាតិថា កម្ពុជា គឺជាប្រទេសដែលផ្តល់ជូនការលើកទឹកចិត្តផ្នែកវិនិយោគ មានលក្ខណៈប្រកួតប្រជែងជាច្រើនសម្រាប់វិនិយោគិន។ លោករដ្ឋមន្រ្តីថ្លែងដូច្នេះក្នុងពិធីជប់លៀងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាឆ្នាំ២០១៧ ដែលរៀបចំឡើងនៅសណ្ឋាគារអ៉ីនធើខុន នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ទោះបីប្រទេសកម្ពុជាតូច ប៉ុន្តែការដាក់ចេញគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អត្ថប្រយោជន៍គ្មានគូប្រៀបជាងប្រទេសដទៃ នៅក្នុងតំបន់។ ទាំងវិនិយោគិនបរទេស និងក្នុងស្រុក ពួកគេនឹងទទួលបាននូវការគាំពារស្មើភាពគ្នា នៅក្រោមច្បាប់វិនិយោគរបស់យើង»។
លោក ប៉ាន សូរស័ក្តិ បានបន្ថែមទៀតថា «ជាមួយកម្លាំងពលកម្មវ័យក្មេងពោរពេញដោយថាមពល, ធនធានធម្មជាតិសម្បូរបែប, ការគាំទ្រធុរកិច្ចពីរាជរដ្ឋាភិបាល, ទីតាំងភូមិសាស្ត្រមានលក្ខណៈយុទ្ធសាស្ត្រ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពិសេសៗ ជាមួយដៃគូប្រទេសធំៗ និងនៅក្នុងតំបន់ កម្ពុជាគឺជាទីកន្លែងដ៏ប្រសើរសម្រាប់វិនិយោគ និងធ្វើធុរកិច្ច»។
អនុលោមតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវក្របខណ្ឌការងារយុទ្ធសាស្ត្រថ្មី ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម សំដៅធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ យុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យកម្ពុជាកាន់តែមានលក្ខណៈប្រកួតប្រជែង និងកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណីដូចជាវាយនភណ្ឌ, ទេសចរណ៍, និងកសិកម្ម ព្រមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ទៅលើផ្នែកដែលបន្ថែមចង្វាក់តម្លៃដូចជា កសិពាណិជ្ជកម្ម, ម្ភូបអាហារកែច្នៃ, គ្រឿងបង្គុំ និងឧស្សាហកម្មធុនស្រាល។
កិច្ចប្រជុំធុរកិច្ចកម្ពុជាឆ្នាំនេះ ក៏នឹងផ្តល់ឱកាសវិសេសវិសាលសម្រាប់វិនិយោគិន និងធុរជន ដើម្បីពង្រីកបណ្តាញធុរកិច្ច ព្រមទាំងបរិយា កាសស្និទ្ធស្នាល ដើម្បីពិភាក្សា និងស្វែងរកសក្តានុពល សម្រាប់ការវិនិយោគ និងផ្គូរផ្គងអាជីវកម្ម សំដៅជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា និងកំណើនសេដ្ឋកិច្ចជាតិ៕


No comments:

Post a Comment