Wednesday, February 15, 2017

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចម្រុះ ចុះទៅត្រួតពិនិត្យសកម្មភាព កាប់រានព្រៃនៅលើកោះរ៉ុង ខេត្តព្រះសីហនុ

ព្រះសីហនុ៖​ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ លោក ហេង ប៊ុនទី នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានដឹកនាំ កម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅត្រួតពិនិត្យនៅកន្លែង បទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រកោះរ៉ុង ដែលមានការកាប់រានព្រៃឈើ យ៉ាងគគ្រឹកគគ្រឹង។
តាមសេចក្តីរាយការណ៍ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ មានចម្ងាយពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ៣០គីឡូម៉ែត្រ មានបទល្មើសព្រៃឈើកើតឡើងយ៉ាងខ្លាំង។ ចំណែកកិច្ចប្រតិបត្តិការនេះក៏មានការចូលរួមពី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ សមាជិកគណៈកម្មការជាតិ ព្រមទាំងនាយទាហាន នាយនគរបាលជាតិ ជាច្រើនរូបទៀត។
សូមបញ្ជាក់ថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល មានតួនាទី និងភារកិច្ចចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រាន ទន្ទ្រានយកដីរដ្ឋ ព្រមទាំងរុករករ៉ែដោយខុសច្បាប់នៅទូទាំងប្រទេស។
ការកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់ គឺជាអំពើល្មើសដែលមានចែងក្នុងមាត្រា៩៧ នៃច្បាប់ស្តី ពីព្រៃឈើ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំដល់១០ឆ្នាំ។
តាមសេចក្តីរាយការណ៍របស់ លោក ហេង ប៊ុនទី បានឱ្យដឹងថា សង្កាត់កោះរ៉ុង បែងចែកជា១៩ក្រុម មានចំនួន៥ភូមិ មានប្រជាពលរដ្ឋរស់នៅអចិន្រ្ទៃយ៍ ចំនួន៦៦៤គ្រួសារ ស្មើនឹង ២,៥៨៦នាក់ (ស្រី១,១៦៣នាក់) អាយុ១៨ឆ្នាំ ព្រំប្រទល់ខាងកើតជាប់ នឹងសមុទ្រ សង្កាត់លេខ៣ ក្រុងព្រះសីហនុ, ខាងជើងជាប់នឹងសមុទ្រ ស្រុកបទុមសាគរ ខេត្តកោះកុង, ខាងត្បូងទល់នឹងលំហរ សមុទ្រ, ខាងលិចជាប់នឹងសមុទ្រស្រុកគិរីសាគរ ខេត្តកោះកុង៕



No comments:

Post a Comment