Wednesday, February 15, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់វិនិយោគិនបរទេស ពិចារណាចំពោះការវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកសូម ស្វាគមន៍ដល់វិនិយោគិនបរទេសទាំងអស់ ឱ្យពិចារណាចំពោះការវិនិយោគនៅកម្ពុជា។ លោក បានថ្លែងដូចនេះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ (2017 Cambodian International Business Summit) នៅសណ្ឋាគារ Inter Continental Hotel រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីធានាដល់ការវិនិយោគនៅកម្ពុជា រាជ​រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច​បើកទូលាយគ្រប់តំបន់ និង​ពិភព​លោក ដោយបង្កលក្ខណៈងាយស្រួលក្នុងការវិនិយោគឱ្យល្អប្រសើរ បង្កើត​បរិស្ថាន​អនុ​គ្រោះ​គ្រប់បែបយ៉ាង ថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងថែរក្សា សន្តិសុខ ស្ថេរភាពនយោបាយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញជំហរច្បាស់លាស់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិ​បត្តិការណ៍ទាំងទ្វេរភាគី និងពហុភាគី និងកម្ពុជា ខិតខំការពារខ្លួនឱ្យក្លាយជា​តំបន់មាន​សុវត្ថិ​ភាព ដើម្បីជួយសម្រួលដល់ការវិនិយោគពីបរទសនានា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងថា រាជរដ្ឋាភិបាល នឹងខិតខំឱ្យអស់លទ្ធភាពសម្រួលគ្រប់បែបយ៉ាងដល់ការ វិនិ​យោគដូចជា៖ ១- ការបញ្ចុះតម្លៃអគ្គីសនីនៅក្នុងតំបន់ឧស្សាហកម្ម ២-រៀបចំផែនការមេ ក្នុង ការ​​ដឹកនាំការងារ និងប្រព័ន្ធដឹកជញ្ជូន ៣-ពង្រឹងយន្តការគ្រប់គ្រងទីផ្សារពលកម្ម និង៤-អភិវឌ្ឍន៍​​ខេត្តព្រះសីហនុ ឱ្យក្លាយទៅជាខេត្តគំរូ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕








No comments:

Post a Comment