Friday, January 29, 2016

កិច្ច​ពិភាក្សា និងធ្វើ​បច្ចុប្បន្ន​ភាពដោយ​ដៃគូអភិវឌ្ឍន៍​នានាដែលកំពុង​ធ្វើការលើ​បញ្ហាប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា

នៅព្រឹកថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០១៦ បញ្ហាប្រែប្រួលអា​កាសធាតុត្រូវបាន​លើកមកពិភាក្សា និងធ្វើបច្ចុប្បន្នភាព​ដោយដៃគូអភិវឌ្ឍន៍នានា​ដែលកំពុងធ្វើការលើ​បញ្ហាប្រែប្រួល​អាកាសធាតុនៅកម្ពុជា នៅក្នុងកិច្ចប្រជុំ​លើកទី៣៣របស់ដៃគូអភិវឌ្ឍន៍ ដែលរៀបចំដោយ​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រ​ចាំកម្ពុជា។ លទ្ធផលសំខាន់ៗ​នៃសន្និសីទបណ្តា​ភាគីលើកទី២១នៅទី​ក្រុងប៉ារីសដែលបាន​ប្រព្រឹត្តទៅកាលពី​ចុងឆ្នាំ២០១៥ និងសេចក្តីព្រាង​ក្របខ័ណ្ឌគ្រប់គ្រង​ចំណេះដឹងប្រែប្រួលអាកា​ស​​ធាតុនៅកម្ពុជា គឺជាប្រធានបទ​ដែលត្រូវបាន​លើកមកបង្ហាញ និងពិភាក្សា។
លោក ស៊ុ ធី ប្រធាននាយកដ្ឋាន​​ប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយចីរភាព និងជាតំណាង​ប្រតិភូកម្ពុជាដែលបាន​ចូលរួមនៅក្នុង​សន្និសីទក្រុងប៉ារីស​នោះ បានបង្ហាញពី​លទ្ធផល​សំខាន់ៗនៃសន្និ​សីទនោះថា
នេះគឺជាកិច្ច​ព្រមព្រៀង​អាកាសធាតុ​ថ្មីមួយ ដែលមានលក្ខណៈ​ជាសាកល ជាប់កាតព្វ​កិច្ចផ្លូវច្បាប់ ប្រកបដោយម​ហិច្ឆិតា សមធម៌ និងមាន​រយៈពេលយូរ ដែលត​ម្រូវឱ្យប្រទេស​អភិវឌ្ឍន៍ត្រូវបន្ត​កៀគរធនធាន​ថវិកាឱ្យបានចំនួនចាប់ពី​១០០ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៥ និងឯកភាពរក្សា​សីតុណ្ហភាពពិ​ភពលោកមិន​ឱ្យកើនលើសពី២ អង្សាសែលស៊ុស ព្រមទាំងខិតខំបន្តកាត់​បន្ថយសីតុណ្ហភាពពិភពលោកមិនឱ្យ​កើនលើសពី១,៥អង្សាសែល​ស៊ុស ធៀបនឹងកម្រិតមុន​បដិវត្តន៍ឧស្សាហកម្ម
បន្ទាប់មក ក៏មានការបង្ហាញ​អំពីការអភិវឌ្ឍន៍​ក្របខ័ណ្ឌគ្រប់គ្រងចំណេះដឹង​ប្រែប្រួលអាកា​ស​​ធាតុនៅកម្ពុជា ដែលជាប្រព័ន្ធចាំបាច់​មួយក្នុងការប្រមូល​ផ្តុំចំណេះដឹង និងព័ត៌មាន​ទាំងអស់ទាក់​ទងនឹងការប្រែប្រួលអាកា​សធាតុ សម្រាប់ឆ្លើយតបនឹងតម្រូវការ​របស់ក្រុមគោលដៅទាំងអស់។ ជាទូទៅក្របខ័ណ្ឌ​គ្រប់គ្រងចំណេះដឹងនេះ នឹងផ្តោតសំខាន់​លើទិដ្ឋភាពចំនួន ៤ រួមមាន ការ​គ្រប់គ្រង​ព័ត៌មាន ការរៀបចំគោលន​យោបាយនិងកម្មវិធី ទំនាក់ទំនង​និងកិច្ចសហការ ព្រមទាំងការ​ចែករំលែកចំ​ណេះដឹងនិងគំនិតច្នៃ​ប្រឌិត៕
ជាចុងបញ្ចប់ ​ដៃគូអភិវឌ្ឍន៍​ទាំងអស់ បានចែករំលែក​ព័ត៌មាននានា​ទាក់ទងនឹងផ្តល់មូលនិធិ និងកិច្ចសហ​ប្រតិបត្តិការបន្ថែម​លើវិស័យបរិស្ថាន គ្រប់គ្រង​ធនធានធម្មជាតិ និងការកៀគរ​វិស័យឯកជន៕​



No comments:

Post a Comment