Friday, January 29, 2016

អត្ថបទអប់រំ៖ ផលប៉ះពាល់នៃគ្រឿងញៀនដែលអ្នកគួរយល់ដឹង!

យោងលើអ្នកជំនាញសុខភាព នៃគេហទំព័រ Health Cambodia.com បានបញ្ជាក់ថា គ្រឿងញៀន​មានគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់សុខភាព គ្រឿងញៀន​ធ្វើឱ្យមាន​ការប៉ះពាល់ ជាពិសេស​ទៅលើ​ប្រព័ន្ធខួរក្បាលដែល​ជាទី​បញ្ជាការ លើគំនិត អារម្មណ៍ សកម្មភាព ការចងចាំ ការទប់​អារម្មណ៍ ការភ្ញាក់រឮក សតិសម្បជញ្ញៈ កម្លាំង ប្រាជ្ញា ស្មារតី ការអត់ធ្មត់ រហូតដល់​ពិការអស់​មួយជីវិត ព្រមទាំងរស់​នៅក្នុងសេចក្ដី​ទុក្ខវេទនារក​ទីបំផុតគ្មាន​ទៀតផង។ ដូចនេះ​ផលប៉ះពាល់ នៃគ្រឿងញៀន​អាចបំផ្លាញ​ប្រជាពលរដ្ឋខ្មែរ ជាពិសេស​យុវជន យុវនារី ដែលជាកម្លំាង សរសរទ្រូង ឬទំពាំងស្នង​ឬស្សីរបស់​ប្រទេសជាតិ។
គ្រឿងញៀន​ជាសារធាតុ​ដែលអាចធ្វើ​ឱ្យប្រព័ន្ធខួរក្បាល​ មានដំណើរ​ការមិន​ប្រក្រតី ជួនមួយ រយៈ តែភាគច្រើន​ជារៀងរហូត តាមការប្រើប្រាស់ជាក់ស្តែង។ ជាផលវិបាក វាធ្វើឱ្យ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ ត្រូវអន់ថយ ឬបាត់ម្ចាស់ការមិនអាច​គ្រប់គ្រង​ចិត្ដបាន។ ប្រសិនបើគេបើកបរយានយន្ដ នាំឱ្យគេ​ហ៊ានបើកបរ​លឿនជ្រុលហួស បង្កើតការ​បញ្ជាចង្កូត​មិនបាន​ត្រឹមត្រូវ ហើយអាច​បង្កគ្រោះថ្នាក់​ចរាចរដល់អាយុជីវិត​ថែមទៀត។
គ្រឿងញៀន​ធ្វើឱ្យប៉ះពាល់​ដល់ប្រព័ន្ធ​ខួរក្បាល ដែលមិនអាចគ្រប់គ្រង​អារម្មណ៍ ហើយបង្ក​ជាជម្ងឺ​វិកលចរិត ជួនកាល​ធ្វើឱ្យអ្នកប្រើប្រាស់ហ៊ាន​លោតពីលើផ្ទះ​ ជួនកាល​ដើរចូលឡាន​កំពុងបើកបរ​យ៉ាងលឿន។ ផឹកស្រាច្រើន និងប្រើយ៉ាម៉ា​ច្រើន អាចធ្វើឱ្យ​រវើរវាយតែម្នាក់ឯង ចេះតែឮសូរ​សម្លេង​មកគម្រាមកំហែង​នៅក្នុងត្រចៀក ឬក្នុងក្បាល សាម៉ីខ្លួនចេះ​តែស្រែក​ច្រៀងឡូឡា រត់គេច​រកកន្លែងពួន ដោយមិនដឹង​ហេតុផល នេះគេហៅថា ​ជម្ងឺវិកលចរិក​បង្កដោយ​គ្រឿងញៀន។ ជួនអាច​បណ្ដាលឱ្យ​ទៅជាជម្ងឺ​ធ្លាក់ទឹកចិត្ដ ចេះតែដេកមិនលក់ បាយមិនបាន អស់កម្លាំង មិនសប្បាយចិត្ដ និងចង់សម្លាប់ខ្លួន។ ពេលខ្លះ​គ្រឿងញៀន​ធ្វើឱ្យកើត​ជម្ងឺថប់​អារម្មណ៍ ដែលសម្ដែងដោយអាការៈចេះតែភ័យខ្លាច​យ៉ាងខ្លាំង ដោយមិន​មានហេតុផល​ណាមួយ​ច្បាស់លាស់​សោះ។ លើសពីនេះ វានាំឱ្យ​មានវិបត្ដិ​អត្ដចរិត ធ្វើឱ្យមនុស្ស​ស្លូតក្លាយ​ទៅជាកាច ចេះភូតកុហក មានល្បិច ហើយនៅ​មិនស្ងៀមមួយកន្លែងដូចមុន ចេះតែដើរ​ត្រេះត្រុះ ធ្វើការមិន​កើតដោយសារ​គ្រប់គ្រងចិត្ដ​លែងបាន ចេះបោកប្រាស់ លួច ឆក់ជាដើម។ ជួនកាល រហូតដល់ប្រព្រឹត្ដ​នូវអំពើ​ហិង្សា ឬបទឧក្រិដ្ឋ​ទៀតផង។
បញ្ហា​គ្រឿងញៀន ជាបញ្ហាថ្មី​របស់​ប្រទេស​កម្ពុជា ដែលបាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់សុខភាព​ផ្លូវចិត្ដ។ សព្វថ្ងៃ​នេះ រាជរដ្ឋាភិបាល​ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុងតែប្រឹងប្រែងប្រយុទ្ធ​ប្រឆាំង​យ៉ាងសកម្ម​ដើម្បី​បំបាត់គ្រឿងញៀន​ពីលើ​សាកល​លោក។ ជម្ងឺដែល​បង្កឡើង​ដោយសារ​គ្រឿង​ញៀនភាគច្រើន​ត្រូវបាន​ចាត់ទុក​ក្នុងចង្កោម​ជម្ងឺផ្លូវចិត្ដ ដោយយោង​ទៅតាម​ក្បួនចំណាត់ថ្នាក់​ជម្ងឺ​អន្ដរជាតិ​របស់អង្គការ​សុខភាព​ពិភពលោក។ បញ្ហាគ្រឿងញៀនចាប់ផ្ដើមមាននៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩០មក និងរាជរដ្ឋាភិបាលបានបង្កើតច្បាប់ប្រឆាំងគ្រឿងញៀននេះនៅឆ្នាំ១៩៩៦ គ្រឿងញៀនហូរចូលមកកម្ពុជាភាគច្រើនក្រោមរូបភាពជាមេតំហ្វេតាមីន ឬយ៉ាម៉ា។ ប៉ុន្ដែគ្រឿងញៀនត្រូវបានប្រើប្រាស់​​ជាដំបូងក្រោមរូបភាពជាថ្នាំបង្កើនកម្លាំង សម្រាប់អ្នកធ្វើការងារធ្ងន់ និងអ្នកធ្វើការយប់ ដូចជា អ្នកលីសែង អ្នកនេសាទ អ្នករត់ពន្ធ អ្នកបើកបរជាដើម។ ក្រោយមកមានការនាំចូលគ្រឿងញៀន​​ប្រភេទនេះកាន់តែច្រើនឡើង ដែលធ្វើឱ្យមានការប្រើប្រាស់រាលដាលពីអ្នកធ្វើការងារធ្ងន់ទៅដល់យុវជន និងសិស្សសាលាទៀតផង។ ការរាលដាលដោយសារ ឈ្មួញជួញដូរគ្រឿងញៀន បានបង្កើតជាបណ្ដាញខ្សែរយៈក្នុងសង្គម ហើយវាបានពង្វក់យុវជនឱ្យសេពគ្រឿងញៀនទៅតាមការ ឃោសនាបញ្ចុះបញ្ចូលរបស់ខ្សែរយៈជួញដូរ ដោយឃោសនាថា ជាថ្នាំធ្វើឱ្យសប្បាយ ឬបំបាត់ទុក្ខ។

ដោយមើលឃើញពីភាពអន្តរាយដ៏ធំធេងនៃគ្រឿងញៀន ប្រទេសជាច្រើននៅលើពិភពលោក ក្នុងតំបន់ និងកម្ពុជាផងដែរ បានបង្កើតឲ្យមានច្បាប់បទដ្ឋានគតិយុត្ត ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារការចរាចរគ្រឿងញៀនដោយខុសច្បាប់ ព្រមទាំងដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់ជនណា​ដែលរកឃើញថា បានប្រព្រឹត្តបទល្មើសគ្រឿងញៀន។ ដូច្នេះក្នុងនាមជាយុវជនខ្មែរ យើងសូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ «សូមនិយាយថា ទេ! ចំពោះគ្រឿងញៀន» សម្រាប់ អ្នកប្រើប្រាស់ និងជួញដូរ សូមមេត្តាបញ្ឈប់សកម្មភាពរបស់ខ្លួន ដែលកំពុងបំផ្លាញសង្គមជាតិ និងប្រទេស​​​របស់ខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ អ្នកនឹងប្រឈមមុខនឹងផ្លូវច្បាប់។ យុវជនដែលកំពុងស្ថិតក្នុងវ័យដែលត្រូវ​បាន​គេអូសទាញ សូមមេត្តាកុំសាកល្បងនឹងគ្រឿងញៀនឱ្យសោះ ព្រោះអ្នកនឹងពិបាកថយក្រោយ​ណាស់ នៅពេលអ្នកប្រើប្រាស់វាហើយនោះ ជាពិសេសមិនត្រឹមតែបំផ្លាញ​ខ្លួនឯង​ប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងថែមទៀតបំផ្លាញគ្រួសារអ្នក និងសង្គមជាតិផងដែរ។ មួយវិញទៀត សូមប្រជាពលរដ្ឋទូទៅ មេត្តា​ស្វែងយល់អំពីផលវិបាក ផលប៉ះពាល់ វិធីការពារខ្លួនពីគ្រឿងញៀន និងទោសទណ្ឌនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀនដែលអ្នកត្រូវដឹង៕



No comments:

Post a Comment