Tuesday, June 26, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ សមិទ្ធិផលដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ កើតចេញពីការរួមកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលជាព្រះគ្រូចៅអធិការ បានធ្វើឲ្យទីអារាមនេះ មានការរៀបចំ និងកែលម្អឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រួមមានរោងឧបោសថ ១ខ្នង កុដិព្រះសង្ឃ ២ខ្នង ផ្ទះបាយ ១ ខ្នង អាគារប៉ុស្តិ៍សុខភាព ១ខ្នង និងសមិទ្ធិផលមួយចំនួនទៀត។
លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងឲ្យដឹងថា វត្តព្រះឥន្ទសាមគ្គីធម៌ ត្រូវបានបង្កើតជាផ្លូវការនៅក្នុងឆ្នាំ២០០៩ ក្រោមព្រះរាជតម្រិះ និងការចំណាយព្រះរាជទ្រព្យផ្ទាល់ជាវដីស្រែពីប្រជាពលរដ្ឋ របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងជាទីវត្តអារាម សម្រាប់ប្រគេនព្រះសង្ឃ និងទុកជូនពុទ្ធបរិស័ទទូទៅ បានចូលមកគោរពប្រតិបត្តិធម៌ ដោយដាក់ឈ្មោះថា វត្តព្រះឥន្ទសាមគ្គីធម៌ ។ បច្ចុប្បន្ន វត្តព្រះឥន្ទសាមគ្គីធម៌ មានព្រះសង្ឃគង់នៅចំនួន ១៥៤អង្គ និងសិស្សានុសិស្សស្នាក់នៅក្នុងវត្តចំនួន ៧៦នាក់។ ក្នុងបរិវេណវត្ត ក៏មានសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលមានអាគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ មានសិស្សានុសិស្សសរុបចំនួន ១,៩០៧នាក់ នារី ៦៧០នាក់។ មានគណៈគ្រប់គ្រងចំនួន ១១ អង្គ/នាក់ ស្រី ៣នាក់ និងគ្រូបង្រៀន៤៩នាក់ ស្រី២៥នាក់។
ក្រៅពីសមិទ្ធិផលដូចបានរៀបរាប់ខាងលើ ក៏នៅមានសមិទ្ធិផលធំៗមួយចំនួនទៀត ក្នុងនោះមានព្រះវិហារ ១ខ្នង និងអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ និងអគារអន្តេវាសិកដ្ឋាន ១ខ្នង កំពុងដំណើរការសាងសង់ ក៏ដូចជាផ្លូវបេតុងចូលវត្ត ១ខ្សែ ប្រវែងជិត ៤០០ម៉ែត្រ ចាក់ដីក្នុងបរិវេណវត្ត ដោះស្រាយថ្លៃជាវស្រះទឹកប្រគេនវត្ត និងរៀបចំប្រព័ន្ធលូក្នុងវត្ត ដែលជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កសាងឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា ក៏ដូចជាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទធ្វើសង្ឃកម្ម និងប្រារព្ធពិធីបុណ្យផ្សេងៗតាមបែបព្រះពុទ្ធសាសនា និងទុកជាកេរ្តិ៍ដំណែលរបស់ព្រះពុទ្ធសាសនា និងសង្គមជាតិ។

ក្រៅពីកាត់ឫស្សីសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងអញ្ជើញស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករងចំនួន ០២ព្រះអង្គ នៃគណៈធម្មយុត្តិកនិកាយផងដែរ។ ព្រះសង្ឃទាំងពីរអង្គដែលនឹងត្រូវស្រោចស្រពព្រះសុគន្ធវារីនោះ រួមមាន៖ សម្តេចព្រះពុទ្ធាចារ្យ ទូច សុខវោហា និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា៕




No comments:

Post a Comment