Tuesday, June 26, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ក្របខ័ណ្ឌគ្រូបង្រៀនសរុបចំនួន ៦០នាក់ និងអាគារសិក្សាកំម្ពស់៤ជាន់ ដែលពីមុនបង្រៀនសិស្សក្រីក្រទទួលប្រាក់ឧបត្ថមពីព្រះសង្ឃ ក្នុងអាគារទ្រុឌទ្រោម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹក​ឡើងវិញថាកាល​ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៧កន្លងទៅ ធ្លាប់​បាន​​​ចុះ​មក​ផ្ទាល់​ មើលឃើញ​ការ​​លំបាកនៅ​ក្នុង​វត្ត​ព្រះឥន្ទសាមគ្គីធម៌ ដែលជាវត្ត​អារាមបំរើ​ឱ្យ​ផ្នែក​ពុទ្ធិចក្រ ប៉ុន្តែ​ជាក់ស្តែង​បាន​បំរើ​ជូន​​ផ្នែក​អាណាចក្រ​ច្រើនជាង នៅ​​ក្នុងវិស័យ​​ធនធាន​មនុស្ស​ ដោយព្រះសង្ឃ​បានឧបត្ថម​​គ្រូបង្រៀន ឱ្យ​មក​បង្រៀន​សិស្ស​ក្រីក្រនៅក្នុង​វត្ត​ ទុក​អាគារ​ឱ្យសិស្ស​រៀន ហើយ​​ទៅជួល​ផ្ទះ​ស្នាក់នៅ​ ដោយ​លោក​បាន​មាន​ប្រសាសន៍ថា «អ្វី​ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​កោត​សរសើរ​នៅ​ត្រង់ថា​នេះ​ជាទីអារាម ក៏​ប៉ុន្តែ​បំរើ​ឱ្យ​អាណា​ចក្រ​ច្រើនជាង​ លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ គឺលោក​រក​កន្លែង​សឹង្ហ​មិន​បាន​ផង​ ក៏​ប៉ុន្តែ​ទៅជាមាន​កន្លែង​ឱ្យ​កូន​សិស្សក្រីក្រ​​រៀន»។​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា «ហើយ​អ្វី​ដែល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​កោត​​សរសើរ​មែនទែន​នៅ​ត្រង់​ថា​ គ្រូ​បង្រៀន​ដែល​បង្រៀន​នៅ​ទី​នេះ​ទាំង​អស់​ត្រូវ​ឧបត្ថម្ភ​ថវិការ​ជា​ប្រាក់ ​ដោយ​ព្រះ​សង្ឃ​តែ​ម្តង អត់​មាន​ក្របខ័ណ្ឌ​រដ្ឋ​ទេ​ ដែល​មួយ​ខែ​ត្រូវ​ចំណាយ​អស់​ជាង ៣ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ដូច្នេះ​ពេល​​នោះ​​បាន​បញ្ជូល​ក្របខណ្ឌ​គ្រូ​នៅ​ទី​នេះ​ចំនួន ៣៣នាក់​ ដើម្បី​កាត់​បន្ថយ​នូ​វ​ការ​លំបាក​របស់​ព្រះតេជគុណ​ ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ពិត​ជា​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​ចំណុច​នេះ​​ ដោយ​ពេលនោះ​កន្លែង​នេះ​​​រខេក​រខាក ប៉ុន្តែ​កន្លែង​កូន​សិស្ស​រៀន​​​គ្រាន់​បើ»។
លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ​ក្នុង​ឱកាស អញ្ជើញកាត់ឫសសីមាព្រះវិហារ សម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ និងពិធីស្រោចស្រពសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករងចំនួន ០២ព្រះអង្គ នៃគណៈធម្មយុត្តិកនិកាយស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ​ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ក្រសួង​អបរំ​ យុវជន និង​កីឡា បាន​ប្រកាស​ផ្តល់​ក្របខណ្ឌគ្រូ​​ចំនួន ២៧នាក់​ បន្ថែម​ពី​លើ​ការ​ផ្តល់​ពីលើកមុន​ចំនួន ៣៣នាក់ សរុបចំនួន ៦០នាក់ «យើងបាន​​​បញ្ចូល​ក្រប​ខ័ណ្ឌ​មន្ត្រី​ជាប់​កិច្ច​សន្យា​ចំនួន ៣៣នាក់​ហើយ​​ នៅមាន​បុគ្គលិក​ជាប់​កិច្ច​សន្យា​ចំនួន​ ១៥នាក់ និង​បុគ្គលិក​ស្ម័គ្រចិត្ត​ចំនួន ១២នាក់​បន្ថែម​ទៀត ដែល​ព្រះតេជគុណ​នៅ​បន្ត​ផ្តល់​ប្រាក់​បៀវត្ស​ឱ្យ​ ព្រោះ​ដល់​ពេល​សាលា​កើត​ធំទៅ ត្រូវរក​គ្រូម​ក​ថែម ហើយ​តាំង​ពី​គ្រូ​កុំ​ព្យូរទ័រ ​អ៊ីចឹង​ខ្ញុំ​ព្រះ​ករុណាក្នុង​នាម​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ ប្រកាស​បញ្ចូល​ក្របខណ្ឌ​គ្រូ​ជាប់​កិច្ច​សន្យា​ និង​គ្រូ​ស្ម័គ្រចិត្ត​ សរុប​ទាំង​អស់​ចំនួន ២៧នាក់​ថែម​ទៀត​»។

បន្ថែម​ពី​លើនេះ​ដោយ​មើល​ឃើញ​ភាព​ជាក់​ស្តែង​​មាន​ការ​កើន​ឡើង​សិស្ស​ជាច្រើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ដោយ​ការ​ការ​កើនឡើង មិន​ត្រឹម​តែ​ជាសិស្ស​ដែល​ជា​បាសក់ ប៉ុន្តែ​ក៏​មាន​សិស្ស​ជា​ព្រះសង្ឃនោះ​ ផ្តល់​ជូន​អាគា​រសិក្សា​១ខ្នងកំពស់ ៤ជាន់​ មាន​ ​៣២ បន្ទប់ បន្ថែម​ជាមួយ​​នឹង​អាគារ​ស្នាក់នៅ ១ខ្នង ៣ជាន់​ ១២បន្ទប់ ជំនួស​ឱ្យ​អាគារ​ទ្រុឌទ្រោម មួយខ្នង ១០បន្ទប់​ និង​បន្ត​ធ្វើ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​»៕






No comments:

Post a Comment