Tuesday, June 26, 2018

ទស្សនៈកូនខ្មែរ៖ បក្សព្រះអាទិត្យ រលាយ ពលរដ្ឋរីករាយ ការបោះឆ្នោតមិនឡើងកម្តៅ!

យុទ្ធនាការឃោសនាបោះឆ្នោតដែលនឹងចូលមកដល់នៅថ្ងៃទី ៧ កក្កដា ខាងមុខនេះ ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅដោយរលូនក្នុងលក្ខណៈគោរពគ្នាទៅវិញទៅមក និងមិនធ្វើឲ្យបរិយាកាស​នយោបាយ​ឡើង​កម្តៅខ្លាំងដូចកាលពីមុនទេ។
ការរំពឹងបែបនេះពីព្រោះតែបក្សព្រះអាទិត្យដែលជាមេនាំភ្លើងបានរលាយបាត់ទៅហើយ។ ចំណែកគណបក្ស​នយោបាយទាំង ២០ ដែលត្រៀមប្រកួតក្នុងការបោះឆ្នោតលើកនេះសុទ្ធសឹងតែមានគោលនយោបាយសន្តិភាព និយម ដោយគ្មានគណបក្សណាមួយដើរតាមគន្លងអតីតគណបក្សសង្គ្រោះជាតិឡើយ។
កន្លងទៅ​នេះអតីតបក្សប្រឆាំងដែលយក សញ្ញាព្រះអាទិត្យជាតំណាង​បានធ្វើឲ្យប្រទេសជាតិ​ក្តៅក្រហាយ​តែរហូត ជាពិសេសក្នុងរដូវឃោសនាបោះឆ្នោតតែម្តង។ បក្សព្រះអាទិត្យ ឬបក្សភ្លើង មានជំនាញខាងដុត គឺដុតរហូតគ្មានឈប់ឈរឡើយ។ ហេតុដូច្នេះហើយ បានជាពីមុន ឲ្យតែដល់រដូវបោះឆ្នោត ពលរដ្ឋត្រៀមអង្ករ ត្រីងៀត អ្នករត់ម៉ូតូឌុបត្រៀមសាំង អ្នកវិនិយោគទុនផ្អាកគម្រោងធំៗមួយរយៈ ដោយម្នាក់ៗដេកព្រួយថា មិនដឹងថា មានអ្វីនឹងកើតឡើងរីឯអចលនទ្រព្យវិញ ក៍នៅទ្រឹងគ្មានហាងឆេងសោះ។
មូលហេតុគឺមកពីបក្សសញ្ញាព្រះអាទិត្យដែលជានិមិត្តរូបនៃកម្តៅតែងតែដើរដុតកម្តៅសភាពការណ៍គ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។ ការឃោសនារបស់ពួកគេ ម៉ាត់ណាក៏វាយប្រហារ ជេរប្រមាថថ្នាក់ដឹកនាំ​រដ្ឋាភិបាល​របស់បក្សកាន់អំណាច។ ម៉ាត់ណាក៏បង្ហាញពីនយោបាយគំនុំសងសឹក និងម៉ាត់ណាក៏បង្ហាញពីការញុះញង់​ឲ្យស្អប់ខ្ពើមជាតិសាសន៍។ ល។យោបាយរបស់ពួកគេគឺយកអ្នកដឹកនាំប្រទេសបច្ចុប្បន្ន យកអ្នកមាន និងយកជនជាតិ បរទេសជិតខាងធ្វើជាសត្រូវ។ គឺក្នុងន័យនេះហើយដែលធ្វើឲ្យអ្នកវិនិយោគទុន និងប្រជាពលរដ្ឋ​ទូទៅព្រួយបារម្ភនៅរាល់ពេលការបោះឆ្នោត។
ប៉ុន្តែ បច្ចុប្បន្ន ស្ថានការណ៍បាន ប្រែប្រួល ១៨០ អង្សារខុសពីមុន។ ជាក់ស្តែង នៅពេលដែលការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី ២៩ កក្កដានេះ កាន់តែកៀកចូល មកដល់ ពលរដ្ឋខ្មែរ
មិន​បាន​ព្រួយបារម្ភអ្វីទៀតទេ។ ពួកគេសប្បាយរីករាយដោយមិនខ្វល់ពីរឿងនយោបាយ។ អ្នកវិនិយោគទុនធ្វើសកម្មភាពវិនិយោគដូចធម្មតា និងកាន់តែខ្លាំងជាងមុន។ ទីផ្សារអចលនទ្រព្យ មានដីធ្លី និងផ្ទះសម្បែង មានសកម្មភាព រស់រវើក និងបន្តឡើងថ្លៃជាងមុនថែមទៀត។
ភាពខុសគ្នានេះកើតឡើងដោយសារ៖
ទី១- គឺមកពីប្រជាពលរដ្ឋ និងអ្នកវិនិយោគទុន ទាំងក្នុងស្រុក និងបរទេស មានជំនឿលើគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកនាយករដ្ធមន្ត្រីហ៊ុន សែនដែលជាអ្នកធានាសុខ សន្តិភាព និងស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។
ទី២- មកពីគណបក្សដែលចាំតែក្រឡុកសភាពការណ៍ឲ្យ​ឡើងកម្តៅតែរហូតនោះគ្មានវត្តមាន​ក្នុងឆាក​នយោបាយ​កម្ពុជា ទៀតទេ។ គ្មានអ្នកក្រឡុក ស្រុកទេសនឹងបានស្ងប់ស្ងាត់ និងស្គាល់ការរីក​ចម្រើន​កាន់តែខ្លាំង។
ទី៣- គណបក្សនយោបាយទាំង ១៩ ផ្សេងទៀត សុទ្ធតែមានគោលនយោបាយសន្តិភាព និយម មិនដើរតាមគន្លងអតីត បក្សប្រឆាំង។ ដោយសារតែមិនពេញចិត្ត​​នឹងគោលនយោបាយ«ដៃភ្លើងជើងមាន់» របស់អតីតបក្សសង្គ្រោះជាតិនេះហើយទើបបានជាគណបក្សផ្សេងៗ ទៀតកើតឡើងយ៉ាងច្រើនក្នុង នោះក៏មាន​គណបក្សមួយចំនួនកើតចេញពីផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិតែម្តងដោយសារតែពួកគេមិនពេញចិត្តនឹងនយោបាយរបស់លោក សម រង្ស៊ី ។
ទី៤- ពួកគេបានមើលឃើញថា សហគមន៍អន្តរជាតិ បន្តគាំទ្រ និងបង្កើនកិច្ចសហការណ៍យ៉ាងល្អជាមួយ​រដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តជួយជ្រោមជ្រែងការបោះឆ្នោតខាងមុខ គឺមិនដូចជាអ្វី​ដែលក្រុម​អតីតគណបក្ស​ភ្លើងបានឃោសនានោះឡើយ។
ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេចក្តីសន្និដ្ឋានប្រកបដោយភាពជាក់លាក់ថា យុទ្ធនាការឃោសនា​បោះឆ្នោតលើកនេះនឹងមិនធ្វើឲ្យ ស្ថានការណ៍ឡើងកម្តៅដូច មុន នោះទេ រីឯប្រជាពលរដ្ឋភាគ​ច្រើនលើស​លប់ក៍នឹងចេញទៅបោះឆ្នោតដោយ ស្ងប់សុខ គ្មានអំពើហិង្សា និងគ្មានបញ្ហាអ្វីទាំងអស់។ ពួកគេទៅ​បោះឆ្នោត​ដើម្បីរក្សាលំនឹងជីវភាព រក្សាការងារ និងបង្កើនប្រាក់ចំណូលរបស់ខ្លួន។ នៅក្រោយការបោះឆ្នោត ក៏នឹងគ្មាន​សភាពការណ៍វឹកវរណាមួយកើតឡើងទៀតដែរ។
សរុបទៅ ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខគឺជាការបោះឆ្នោតដោយសុខ សន្តិភាព និងដោយតម្លាភាព ទាំងមុនពេលបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ អាចនិយាយបានថា ចប់ហើយសម័យ​កាលវឹកវរក្រោយការបោះឆ្នោត គឺចប់ដោយសារគណបក្សដែលតែង នាំកាតក្តៅក្រហាយដល់ប្រទេសជាតិ និងប្រជាជនបាន រលាយបាត់ទៅហើយ ៕

ដោយ៖ កូនខ្មែរ

No comments:

Post a Comment