Tuesday, June 26, 2018

តំណាងរាស្ត្រខេត្តតាកែវ ចុះបើកការដ្ឋានជួសជុលផ្លូវលំប្រវែង ៤១១៥ម៉ែត្រ ក្នុងស្រុកគិរីវង់

ខេត្តតាកែវ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅបឋមសិក្សាពោធិ៍សង្កែ ស្ថិតក្នុងភូមិពោធិ៍សង្កែ ឃុំកំណប់ ស្រុកគិរីវង់ មានរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ៤១១៥ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ២ ភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ មកភូមិពោធិ៍សង្កែ ឃុំកំណប់ ក្រោមអធិបតីភាព លោក សុខ សូកាន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ រួមដំណើរជាមួយ លោក ប៉ាល់ ចន្ទតារា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំណប់ និងលោកស្រី កែវ រស្មី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកំណប់ លោក ប៊ុង ប៊ុនហួរ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ ព្រមទាំងលោក លោកស្រីជាមន្ត្រីរាជការជុំវិញខេត្ត និងស្រុក សរុបចំនួនប្រមាណជា ៣៨៥នាក់។
លោកបានសម្តែងនូវក្តីសោមនស្សរីករាយដោយបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានស្រុកគិរីវង់ ក្នុងការសហការអន្តរាគមន៍ដោះស្រាយនូវបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបប្រទះនាពេលកន្លងមក។ នាពេលឆាប់ៗនេះដែរប្រជាពលរដ្ឋក្នុងឃុំកំណប់ នឹងទទួលបានផ្លូវលំល្អមួយខ្សែដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជារួមចំណែកជួយកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពនិងសេដ្ឋកិច្ចរបស់ប្រជាជនបានមួយកម្រិតទៀត។

ជាចុងបញ្ចប់ លោក សុខ សូកាន បានអំពាវនាវ និងអញ្ជើញប្រជាពលរដ្ឋខ្មែរចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឱ្យបានគ្រប់ៗគ្នាដើម្បីបំពេញអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់នៃជោគវាសនាប្រទេសជាតិ។
លោក សុខ សូកាន និង លោក ប៉ាល់ ចន្ទតារា បាននាំមកជូនប្រជាពលរដ្ឋ និងអ្នកចូលរួមនូវសំពត់សឹងម្នាក់ ១ និងថវិកាមួយចំនួន។ ឯកឧត្តម សុខ សូកាន ក៏បានឧបត្ថម្ភថវិកាចំនួន ១.៥០០.០០០ រៀល ដល់អនុវិទ្យាល័យ និងបឋមសិក្សា សុខ អាន វត្តអង្គ សម្រាប់សាងសង់បង្គោលដងទង់ជាតិ ១ ប្រើប្រាស់រួមគ្នាផងដែរ៕











No comments:

Post a Comment