Tuesday, June 26, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាយកចិត្តទុកដាក់យ៉ាងចំពោះសុខដុមនីយកម្មសាសនាដើម្បីធានាថាកម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាណាមួយកើតឡើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះសុខដុមនីយកម្មសាសនាដើម្បីធានាថាកម្ពុជាមិនមានជម្លោះជាតិសា​សន៍ និង សាសនាណាមួយកើតឡើងឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ទីវត្តព្រះឥន្ទសាមគ្គីធម៌ គឺជាកន្លែងដែលបានបម្រើវិស័យព្រះពុទ្ធសាសនាផង និងបានចូលរួមផ្តល់នូវការអប់រំដល់កូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានយ៉ាងច្រើនផងដែរ។ ទន្ទឹមនឹងនេះក្នុងវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា គឺមាន២និកាយ ដែលមាន ព្រះសង្ឃមកពីគណៈមហានិកាយ និងព្រះសង្ឃធម្មយុត្តកនិកាយ ដែលនិកាយទាំងពីរនេះបានចូលរួមយ៉ាងសំខាន់ក្នុងការចូលរួមកសាងសង្គមជាតិ និងអប់រំទូន្មានប្រជាពលរដ្ឋឱ្យសាងអំពើល្អ និងរួមស់ជាមួយគ្នាប្រកបដោយភាពសុខសាន្ត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលនេះ កើតចេញពីការរួមកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសជាពិសេសក្រោមការដឹកនាំរបស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលជាព្រះគ្រូចៅអធិការ បានធ្វើឲ្យទីអារាមនេះ មានការរៀបចំ និងកែលម្អឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រួមមានរោងឧបោសថ ១ខ្នង កុដិព្រះសង្ឃ ២ខ្នង ផ្ទះបាយ ១ ខ្នង អាគារប៉ុស្តិ៍សុខភាព ១ខ្នង និងសមិ​ទ្ធផលមួយចំនួនទៀត៕





No comments:

Post a Comment