Tuesday, April 03, 2018

សន្និសីទអន្តរជាតិក្រោមប្រធានបទ«ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូដើម្បីសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ»

សៀមរាប៖ ពិធីបើកសន្និសីទអន្តរជាតិក្រោមប្រធានបទស្ដីពី “ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ” ត្រូវបានធ្វើ ឡើងនៅសណ្ឋាគារសុខាសៀមរាប នាថ្ងែទី២ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងឱកាសចូលរួមក្នុងសន្និសីទនេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា សៀមរាប គឺត្រូវបានទទួលស្គាល់ថាជាទីតាំងនៃប្រាង្គប្រាសាទអង្គវត្ត និងជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញបំផុតនៅជុំវិញពិភពលោក ដែលចំនួនអ្នកទេសចរណ៍ មានការកើនទ្បើងជារៀងរាល់ ឆ្នាំគួរកត់សម្គាល់។ ក្រៅពីនេះសៀមរាបអង្គរក៏ជាគោលដៅនៃទីកន្លែងសម្រាប់ការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ដែលមានការកើនទ្បើងផងដែរ។

លោកអភិបាលខេត្តបានថ្លែងបន្តថា សៀមរាបគឺជាខេត្តធំជាងគេលំដាប់ទី១០ក្នុងប្រទេសកម្ពុជា និងមួយភាគធំ នៃភាគខាងត្បូងនៃខេត្តនេះមានព្រំប្រទល់កំណត់ដោយ បឹងទន្លេសាបដែលត្រូវបានទទួលស្គាល់ថាជាបឹង ទឹកសាបធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសារសំខាន់កម្រិតតំបន់ និងប្រព័ន្ធ-អេកូទ្បូស៊ីប្រកប ដោយ ផលិតភាពបំផុតក្នុងពិភពលោក។ សៀមរាប ជាខេត្តមួយក្នុងចំណោមខេត្តចំនួន៩ ដែលរួមបង្កើតនូវ ឋបនីយ៍ជីវមណ្ឌលបឹងទន្លេសាប ដែលបានកំណត់ និងទទួលស្គាល់ដោយអង្គការយូនីស្កូ(UNE-SCO) ក្នុងឆ្នាំ១៩៩៧ ហើយនិងជាដីសើមទឹកសាប ដ៏សំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាតំបន់គោល ដៅអេកូទេស- ចរណ៍ដ៏ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា ។

បឹងទន្លេសាប ត្រូវបានទទួលជាសកលថាសម្បូរទៅដោយធនធានជលផល និងជីវៈចម្រុះ និងដើរតួនាទីយ៉ាង សំខាន់លើផ្នែកបរិស្ថាន សង្គម សេដ្ឋកិច្ច និងផ្នែកវប្បធម៌សម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់។ ដោយសារតែសារៈសំខាន់ជាសារវន្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត ទ្បើងនូវអាជ្ញាធរទន្លេសាបដែលមាន បេសកកម្ម គឺដើម្បីជំរុញការសម្របសម្រួលសម្រាប់ការគ្រប់គ្រង់ ការអភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយ ចីរភាពនៃទន្លេសាប និងតំបន់ពាក់ព័ន្ធត្រូវរួមគ្នាធ្វើការឲ្យបានខ្លាំងក្លាថែមទៀតដើម្បី ការគ្រប់គ្រង ការប្រើប្រាស់ និងការអភិរក្សធនធានបឹងទន្លេសាបប្រកបដោយចីរភាព ៕








No comments:

Post a Comment