Tuesday, April 03, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្តល់ការធ្វើដំណើរឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត តាមផ្លូវជាតិទាំង៥

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីឆ្នាំមុនៗ លោកបានអំពាវនាវសុំអោយក្រុមហ៊ុនដឹកជញ្ជូនកុំតម្លើងតម្លៃដល់អ្នកធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនមានប្រសិទ្ឋភាពទេ ដូច្នេះហើយបានជាលោកបានពិភាក្សាជាមួយសាលាក្រុងភ្នំពេញ ដោយបានសម្រេចផ្តល់សេវាឡានក្រុងដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយមិនបង់ថ្លៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨ ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា «ខ្ញុំបានពិភាក្សាឡើងវិញជាមួយឯកឧត្តម ខួង ស្រេង ដើម្បីរៀបចំបែងចែករថយន្តក្រុងត្រូវចាកចេញពីទីក្រុងភ្នំពេញមួយចំនួន បម្រើឱ្យគោលដៅនៃការដឹកជញ្ជូន ដើម្បីកាត់បន្ថយនូវក្រុមហ៊ុនរថយន្តក្រុងនានា ដែលរៀងរាល់ឆ្នាំនិយាយគ្នាថាមិនបង្កើន ប៉ុន្តែបង្កើនតម្លៃ អ៊ីចឹងឥឡូវនេះពីមុនថាដាក់តែពីរទិសទេ ដាក់តែផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ទេ ឥឡូវយើងដាក់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ព្រោះបើមិនអ៊ីចឹងទេទប់ស្កាត់គាត់មិនបាន យើងជាអាជ្ញាធរ ប៉ុន្តែយើងបញ្ជារទីផ្សារសេរីវាពិបាក អ៊ីចឹងទេវិធីតែមួយគឺដាក់រថយន្តរបស់យើងចុះ»។

លោកនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបចំនួនជាង ២,៩០០នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ ទី០១ ខែមេសា កន្លងទៅ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី ១២ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ នេះ គឺប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយ នៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៥ (ភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ) និងផ្លូវជាតិលេខ ១ (ភ្នំពេញ ទៅ កណ្តាល ព្រៃវែង ស្វាយរៀង) ដោយសាលាក្រុងភ្នំពេញ បានត្រៀមរថយន្តក្រុងដែលមានផ្លាកសញ្ញា “រាជធានីភ្នំពេញ” ចំនួន ៦០ គ្រឿង ប៉ុន្តែនៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្ថែមជូនការធ្វើដំណើរមិនបង់លុយ ៣ទិសទៀត សរុប ៥ទិស រួមមាន ផ្លូវជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង), ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត), ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ និងខេត្តព្រះសីហនុ), ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ), ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ធំ និងសៀមរាប)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក៏នឹងរៀបចំឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋយើងដូចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះដែរ ដោយលោកបានបញ្ជាក់ថា «នៅឆ្នាំក្រោយត្រៀមថែមចំនួនរថយន្ត ដើម្បីបម្រើសេចក្តីសប្បាយរីករាយរបស់ប្រជាជន ហើយយើងចាំគិតពេលបុណ្យភ្ជុំបិណ្ឌ ពេលភ្ជុំបិណ្ឌយើងត្រូវរៀបចំទៀត»៕







No comments:

Post a Comment